Computer man Computer man
ព័ត៏មានជាតិ

លោក អ៊ុំ រី រៀបរាប់ថា កីឡាប្រដាល់សេរីខ្មែរ មានប្រវត្ដិតាំងពីឆ្នាំ៨០០ នៃគ្រិស្ដសករាជ


ភ្នំពេញ៖ ប្រសិនបើស្តាប់ការរៀបរាប់របស់លោក អ៊ុំ រី គឺកីឡាប្រដាល់សេរីខ្មែរមានប្រវត្តិតាំងពីឆ្នាំ៨០០នៃគ្រិស្តសករាជ នេះបើយោងតាមឯកសារជាភាសាបរទេស ដែលកូនស្រីរបស់លោកបានស្រាវជ្រាវ និងមាននៅក្នុងដៃ។

លោក អ៊ុំ រី ជាកីឡាករប្រដាល់សេរីខ្មែរតែម្នាក់គត់បន្តរស់រានមានជីវិត និងបច្ចុប្បន្នរស់នៅទីក្រុងឡងប៊ិច សហរដ្ឋអាមេរិក។ កើតក្នុងឆ្នាំ១៩៤៤ ក្នុងសម័យសង្រ្គាមលោកលើកទី២ និងមានស្រុកកំណើតឯព្រែកក្តាម ខេត្តកណ្ដាល បច្ចុប្បន្នលោក អ៊ុំ រី មានអាយុ៧៧ឆ្នាំ។ ប៉ុន្តែ កម្លាំងពលំ និងរាងកាយរបស់គាត់នៅរឹងមាំ ប្រសិនបើយើងប្រៀបធៀបទៅនឹងមនុស្សវ័យស្រករៗគ្នាដែលស្ថិតក្នុងស្ថានភាពចាស់ទ្រុឌទ្រោម។

ផលបច្ច័យនេះ គឺបណ្តាលមកពីលោកចំណាយពេលវេលាច្រើនក្នុងការហាត់កីឡា ការបង្ហាត់កីឡាប្រដាល់ដល់សិស្សខ្មែរ និងបរទេសក្នុងក្លឹបកីឡារបស់គាត់មួយកន្លែងក្នុងក្រុងឡងប៊ិច។ លោក អ៊ុំ រី ចាប់ផ្តើមប្រកបរបរជាកីឡាករប្រដាល់សេរីចាប់តាំងពីឆ្នាំ១៩៦១ រហូតមកទល់ឆ្នាំ១៩៧៥ ដែលក្រោយមកក្រុមទាហានខ្មែរក្រហមបានចូលកាន់កាប់ក្រុងភ្នំពេញ។

ផ្ទុយពីអ្នកដទៃ បើទោះបីជាពួកខ្មែរក្រហមដឹងថា លោក អ៊ុំ រីជា កីឡាករប្រដាល់សេរីល្បីឈ្មោះក្តី ក៏ប៉ុន្តែលោក អ៊ុំ រី នៅតែទទួលបាននូវការសណ្តោសប្រណីអាចបន្តរស់រានមានជីវិតរហូតដល់ថ្ងៃ៧មករា១៩៧៩។ លោក អ៊ុំ រី បានចាកចេញទៅរស់នៅសហរដ្ឋអាមេរិក ក្រោយពេលស្នាក់នៅក្នុងជំរុំប្រទេសថៃមួយរយៈ។

ងាកមកស្តាប់ការរៀបរាប់អំពីកីឡាប្រដាល់វិញ បើទោះបីជាគាត់មានមាឌ និងកំពស់តូចទាបបន្តិចក្តី ក៏ប៉ុន្តែលោក អ៊ុំ រី ចិត្តខ្លាំងហ៊ានតតាំងនឹងលោក ជា សារ៉ាក់ កីឡាករល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ៧០ ដែលលោក ជាសា រ៉ាក់ មានមាឌធំជាង និងខ្ពស់ជាង រហូតទាល់តែគាត់ទទួលជោគជ័យល្បីឈ្មោះជាបន្តបន្ទាប់។

ក្នុងមួយជីវិតរបស់លោក អ៊ុំ រី គឺគាត់ធ្លាប់ឡើងឆាកប្រដាល់ជាង៣០០លើក ក្នុងនោះលោកក៏ធ្លាប់ប្រយុទ្ធនឹងគូប្រដាល់កីឡាករថៃផងដែរ។ លោកធ្លាប់បានគូប្រយុទ្ធវាយបាក់ធ្មេញ បាក់ខ្ទង់ច្រមុះ និងខូចត្រចៀកម្ខាងស្តាប់លែងឮមកទល់បច្ចុប្បន្ន។ ទោះជាយ៉ាងណា លោកធ្លាប់បានទទួលពានរង្វាន់ពីព្រះបរមរាជវាំងក្នុងសម័យសង្គមរាស្ត្រនិយម។

ដោយឡែក កូនស្រីទាំង៣នាក់របស់លោក អ៊ុំ រី សុទ្ធសឹងត្រូវបានបណ្តុះបណ្តាលកីឡាប្រដាល់សេរី លើកលែងតែកូនប្រុសដែលមិននិយមកីឡានេះឡើយ។ វត្តមានរបស់លោក អ៊ុំ រី ជាមួយកូនស្រីពៅ និងបុរសសញ្ជាតិអាមេរិកមួយរូបនៅកម្ពុជាក្នុងគ្រានេះ គឺក្នុងគោលបំណងសិក្សាស្រាវជ្រាវឯកសារបន្ថែម ដើម្បីសរសេរចងក្រងជាសៀវភៅកីឡាប្រដាល់សេរីខ្មែរទុកជាប្រវត្តិសម្រាប់កុលបុត្រកុលធីតាខ្មែរគ្រប់ជំនាន់បានដឹង និងថែរក្សាកីឡាប្រដាល់ខ្មែរប្រភេទបុរាណកាលមួយនេះ។

លើសពីនេះ លោក អ៊ុំ សារី មានមហិច្ឆតាចង់អោយពិភពលោកទទួលស្គាល់សម្បត្តិមនុស្សជាតិកម្ពុជាមួយនេះអោយចូលជាបេតិកភណ្ឌពិភពលោកតាមរយៈអង្គការយូណេស្កូ (UNESCO) ។

សូមសេចក្តីប៉ងប្រាថ្នាសម្រាប់ជីវិតចុងក្រោយរបស់លោក អ៊ុំ រី បានដល់គោលដៅដោយគ្មានឧបសគ្គ៕ (ស្ទីវិន សាន់)

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top