Computer man Computer man
បទវិភាគ

បទអត្ថាធិប្បាយ៖ ទិវាកុមារអន្តរជាតិ ១ ឧសភា! គុណតម្លៃវ៉ាក់សាំងចិន បង្ហាញពីសិទ្ធិរស់រានមានជីវិតរបស់កុមារកម្ពុជា


ភ្នំពេញ៖ នាឱកាសទិវាកុមារអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២នេះ ទាំងមន្ត្រីស្ថានប័នរដ្ឋ និងមន្ត្រីសង្គមស៊ីវិលធ្វើកិច្ចការងារលើកកម្ពស់សិទ្ធិកុមារ សុទ្ធតែបានលើកឡើងពីគុណតម្លៃនៃវ៉ាក់សាំងបង្ការជំងឺកូវីដ ដែលចាក់ជូនកុមារកម្ពុជាទាន់ពេលវេលា ដោយគេដឹងថា វ៉ាក់សាំងផលិតនៅប្រទេសចិនបាននិងកំពុងប្រើប្រាស់ចាក់ជូនកុមារកម្ពុជា អាយុចាប់ពី៣ឆ្នាំឡើងទៅ ដែលមានកំណើនលឿនគួរឲ្យកត់សម្គាល់។

លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន តាមទូរស័ព្ទ អំពីគុណតម្លៃនៃវ៉ាក់សាំងចិនចាក់ជូនកុមារកម្ពុជាថា ដោយសារតែការជឿជាក់របស់ប្រមុខរាជរដ្ឋាភិបាល លើប្រទេសចិន ទើបកុមារកម្ពុជាទទួលបានការចាក់វ៉ាក់សាំង មានភាពសុំាក្នុងសហគមន៍គ្រប់គ្រាន់ អាចចូលរៀនក្នុងសាលាឡើងវិញ។

ក្នុងនាមស្ថាប័នធ្វើកិច្ចការងារលើកុមារ និងក្នុងនាមកុមារកម្ពុជា លោកជំទាវសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់រដ្ឋាភិបាលនិងប្រជាជនចិន ដែលបានការផ្តល់ ភាពកក់ក្តៅ ក្នុងគ្រាលំបាកដែលប្រឈមនៃកូវីដ១៩នេះ គឺទឹកចិត្តសប្បុរសធម៌មួយ មិនអាចបំភ្លេចបាន ហើយក៏បញ្ជាក់កាន់តែច្បាស់ថា ចិនគឺជាមិត្តដ៏ស្មោះត្រង់របស់កម្ពុជា។

ទាក់ទងនឹងលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា ក្នុងឱកាសកុមារអន្តរជាតិ ឆ្នាំ២០២២នេះ លោកជំទាវ ញ៉េប សុភាព បានលើកឡើងថា៖

«យើងបាន ប្តេជ្ញាបន្តលើកកម្ពស់ឧត្តមប្រយោជន៍របស់កុមារកាន់តែល្អប្រសើរបន្ថែមទៀត គឺធ្វើដូចភ្លៀងរលឹម ធ្វើយ៉ាងណាឲ្យកុមារកម្ពុជាទទួលបានសុខសុវត្ថិភាពពេញលេញឆ្លើយតបនឹងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ និងច្បាប់ជាតិជាធរមាន។

កុមារគឺជាសរសរទ្រូង គឺជាទំពាំងស្នងឬស្សី របស់ប្រទេសជាតិ ហើយក៏ជាអ្នកការពារសមិទ្ធផល ដូច្នេះ អ្នកការពារត្រូវតែរឹងមាំ ទាំងផ្លូវកាយនិងផ្លូវចិត្ត ជាមួយនឹងការអភិវឌ្ឍ ជំនាញ ដើម្បីជាផលប្រយោជន៍កុមារ និងសង្គមជាតិ។»

ជាមួយគ្នានេះដែរ លោក យី គឹមថាន នាយករងប្រចាំប្រទេស ទទួលបន្ទុកកម្មវិធី នៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានមានប្រសាសន៍ថា ការដែលកុមារកម្ពុជាទទួលបានការចាក់វ៉ាក់សាំងគ្រប់គ្រាន់បែបនេះគឺជារឿងត្រឹមត្រូវ ពិតជាចូលចំណែកលើកកម្ពស់សិទ្ធិកុមារ។

លោកក៏សូមអបអរសាទរចំពោះទស្សនវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដែលបានចេញយុទ្ធសាស្ត្រប្រមូលវ៉ាក់សាំងគ្រប់គ្រាន់ជូនដល់កុមារ ដែលនេះគឺអាវក្រោះមួយ ការពារពួកគាត់មិនឲ្យឈឺធ្ងន់ធ្ងរ និង ជាកត្តាជួយឲ្យកុមារចូលរៀននៅសាលារៀនវិញបាន ព្រោះថា បើគ្មានវ៉ាក់សាំងគ្រប់គ្រាន់ទេ កុមារមិនអាចត្រលប់ទៅរៀនវិញទេ ដែលធ្វើឲ្យបាត់បង់សិទ្ធិទទួលបានការអភិវឌ្ឍន៍ របស់កុមារ។

បើយោងតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា និងច្បាប់អន្តរជាតិបានចែងថា វ័យកុមារគឺរាប់ចាប់ពីអាយុ សូន្យឆ្នាំ ដល់ក្រោម ១៨ឆ្នាំ។ ក្នុងចំណោមប្រជាជនសរុបនៅកម្ពុជា កុមារមានចំនួន៣៦ភាគរយ បើតាមជំរឿនប្រជាសាស្ត្រ នៅឆ្នាំ២០១៩។

បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ជូនក្រុមវ័យទាំងនេះ ចេះតែបន្តមានកំណើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះ គិតត្រឹមយប់ថ្ងៃទី៣១ មិថុនា កុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ចាក់បាន ១០០,៦២%, កុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,១៣%, កុមារអាយុ ០៥ឆ្នាំ មាន ១៣២,៩៨% ព្រមទាំងកុមារ អាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៦៦,៧៦%។

 

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ហើយក៏ជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានលើកឡើង តាមរយៈសារលិខិតក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១ឧសភា ខួបលើកទី២១ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២២ថា កម្ពុជាបាននិងកំពុងអនុវត្តសិទ្ធិចម្បងមួយ ដែលធំដំបូងបំផុត គឺសិទ្ធិរស់រានមានជីវិត តាមរយៈការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារដែលមានអាយុចាប់ពី៣ឆ្នាំឡើង ដែលអាចបង្ការការឆ្លងរីករាលដាលជាទ្រង់ទ្រាយធំ។

បើធៀបក្នុងចំណោមប្រទេសសមាជិកទាំង១០ របស់សហគមន៍អាស៊ាន កម្ពុជាទទួលបានចំណាត់ថ្នាក់ល្អជាងគេ សម្រាប់អាត្រាស្លាប់ និងឆ្លងតិចជាងគេ៕ (ដោយវិទ្យុមិត្តភាពកម្ពុជា-ចិន)


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top