Computer man Computer man
ព័ត៏មានជាតិ

គណបក្សចំនួន៧នឹងអាចមានអាសនៈនៅក្រុមប្រឹក្សាឃុំសង្កាត់



យោងតាមតួលេខបឋមដែលបានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បង្ហាញថា គណបក្សនយោបាយចំនួន៧ នឹងគ្រប់គ្រងអាសនៈនៅក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីដំណើរការប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតជ្រើស រើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ សម្រាប់អាណត្តិទី៥ ធ្វើឡើងនៅវិមានរដ្ឋសភា ដោយមានការចូលរួមពីបណ្តាអង្គទូតនានាប្រចាំនៅកម្ពុជាចំនួន ៣១ប្រទេស អង្គការអន្តរជាតិ ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា តំណាងគ.ជ.ប នៅរសៀលថ្ងៃទី៨ ខែមិថុនានេះឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ថា ទោះជាយ៉ាងនេះក្តី សមាជិករដ្ឋសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា រូបនេះ មិនបានបញ្ជាក់ឈ្មោះគណបក្សនយោបាយដែលនឹងចូលគ្រងតំណែងនៅរដ្ឋបាលមូលដ្ឋាននេះទេ ដោយឯកឧត្តម គ្រាន់តែបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលមានការចូលរួមពី១៧គណបក្សនយោបាយ គឺគណបក្សភ្លើងទៀនដែលទើបបង្កើតថ្មី ទទួលបានជោគជ័យជិត២០ភាគរយ ដែលនេះជាជ័យជំនះនៃលទ្ធិប្រជាធិបតេយ្យ ក្នុងចំណោមគណបក្សផ្សេងទៀត។


ឯកឧត្តម សួស យ៉ារ៉ា មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលមានការចូលរួមពី១៧គណបក្សនយោបាយ និងមានប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោតជាង៨០ភាគរយ បានបង្ហាញពីភាពរីកចម្រើននូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជាការប្រកួត ប្រជែងតាមបែបប្រជាធិបតេយ្យនៅកម្ពុជា តាមឆន្ទៈ និងការសម្រេចចិត្តជ្រើសរើសថ្នាក់ដឹកនាំរបស់ម្ចាស់ឆ្នោត។

ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់សរុប៨៦.០៩២នាក់ ក្នុងនោះស្ត្រីចំនួន២៧.៨១៣នាក់ ខណៈក្រុមប្រឹក្សាឃុំសង្កាត់ដែលត្រូវជ្រើសរើសបម្រើការងារក្នុងឃុំសង្កាត់ទាំង១.៦៥២ មានចំនួនសរុប១១.៦២២រូប។
យោងតាមលទ្ធផលបឋមរបស់ គ.ជ.ប បង្ហាញថា គណបក្សប្រជាជនកម្ពុជា កំពុងនាំមុខគណបក្សផ្សេងទៀតដូចជា គណបក្សភ្លើងទៀន, គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ , និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top