Computer man Computer man
ព័ត៏មានជាតិ

គ.ជ.ប ស្នើសុំឱ្យសមត្ថកិច្ចស៊ើបអង្កេតលើហ្វេសប៊ុកឈ្មោះ«វីរភាព សម រង្ស៊ី»


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានស្នើសុំឱ្យអាជ្ញាធរមាន សមត្ថកិច្ចស៊ើបអង្កេតលើហ្វេសប៊ុកឈ្មោះ«វីរភាព សម រង្ស៊ី» បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកនេះ ផ្សព្វផ្សាយបទចម្រៀង ដែលបង្អួចកេរ្តិ៍ឈ្មោះ គ.ជ.ប។

គ.ជ.ប បានបញ្ជាក់ថា ទំព័រហ្វេសប៊ុក ឈ្មោះ «វីរភាព សម រង្ស៊ី » បានចាក់ផ្សាយបទចម្រៀងមួយបទ មានចំណងជើងថា «ផ្កាយរះកណ្តាលថ្ងៃ» កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ដោយចម្រៀងនោះ បានបង្អួចកេរ្តិ៍ឈ្មោះ គ.ជ.ប ថា ជា «ចោរ គ.ជ.ប» និងបង្កប់ដោយន័យអសុរោះ អសីលធម៌ ប្រមាថតិះដៀល បន្ទាបបន្ថោកដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសា្ថប័នគ.ជ.ប និងដែលអាចធ្វើឱ្យមាន ការភាន់ច្រឡំ និងបាត់ទំនុកចិត្តលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅនេះ។
សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី១៥ ខែមិថុនា បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើរបស់ជនអគតិមួយចំនួន ដែលមានចេតនាទុច្ចរិត ក្នុងគោលដៅបម្រើផលប្រយោជន៍ និងមហិច្ឆតារបស់ខ្លួន។
គ.ជ.ប បានស្នើសុំបុគ្គលដែលពាក់ព័ន្ធ បញ្ឈប់សកម្មភាពចែកចាយនេះជាបន្ទាន់ ។ ជាមួយគ្នានេះ ក៏ស្នើសុំអាជ្ញាធរមានសមត្ថកិច្ច បើកការស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ជាបន្ទាន់ ដើម្បីធានា ឯករាជ្យភាព អព្យាក្រឹត សច្ចៈ យុត្តិធម៌ និងតម្លាភាពរបស់សា្ថប័នជាតិ គ.ជ.ប ដោយអនុលោមតាម មាត្រា៤២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប និងមាត្រា១៧១ នៃច្បាប់ស្តីពីការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។


សូមបញ្ជាក់ថា គ.ជ.ប បានធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែមិថុនានេះ ទៅតាមឃុំ-សង្កាត់ ទូទាំងរាជធានី-ខេត្ត ដើម្បីបញ្ជាក់ពីភាពយុត្តិធម៌ ត្រឹមត្រូវ ច្បាស់លាស់ សុក្រឹតភាព តម្លាភាព គណនេយ្យភាព ចំពោះគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មុននឹងឈានទៅប្រកាសលទ្ធផលផ្លូវការនៃការ បែងចែកអាសនៈតាមឃុំ-សង្កាត់ទូទាំងប្រទេស នៅថ្ងៃទី២៦ ខែមិថុនាខាងមុខនេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យគ.ជ.ប បានឱ្យដឹងថា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ឡើងវិញបានបញ្ចប់ ដោយលទ្ធផល មិនបានរកឃើញកំហុសណាមួយពាក់ព័ន្ធការគណនាតួលេខ លទ្ធផលសំឡេងឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗ ដែលគណៈកម្មការរាជធានី ខេត្តរៀបចំការ បោះឆ្នោត បានបញ្ជាក់ក្នុងក្រដាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតក្នុងឃុំ-សង្កាត់ តាមទម្រង់ (ទ.១១០៥ធខ) តារាងលទ្ធផលនៃការបោះឆ្នោតតាមឃុំ សង្កាត់ក្នុងរាជធានី ខេត្ត តាមទម្រង់(ទ.១១១០) និងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត តាមទម្រង់(ទ.១១១១) នោះឡើយ។
គ.ជ.ប អះអាងថា ភាគីដែលចូលរួមជាសាក្សីទាំងអស់បានឯកភាព និងពុំមានការតវ៉ា ឬជំទាស់អ្វីនោះទេ បន្ទាប់ពីការផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត កាលពីថ្ងៃទី៥ និងថ្ងៃទី៦ ខែមិថុនាកន្លងទៅនេះ គ.ជ.ប បានធ្វើឡើងដោយផ្អែកលើកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត តាមទម្រង់ (ទ.១១០២) ដែលគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បានបញ្ជូនមក ហើយទម្រង់នេះ ត្រូវបានបង្ហោះ នៅលើគេហទំព័រគ.ជ.ប electresult.nec.gov.kh៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top