ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលទៅទស្សនាប្រាសាទនៅតំបន់រមណីយដ្ឋានអង្គរ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះករណីខ្យល់កន្រ្តាក់ ដែលអាចបង្ករគ្រោះថ្នាក់ណាមួយ ដល់អាយុជីវិត និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ដោយសារតែស្ថានភាពអាកាសធាតុនាពេលបច្ចុប្បន្ន មានការប្រែប្រួល បណ្តាលឱ្យមានខ្យល់កន្រ្តាក់ខ្លាំង អាចបង្ករនៅគ្រោះថ្នាក់ណាមួយជាយថាហេតុគ្រប់ពេលវេលា។ បើទោះបីជាកន្លងមក និងបច្ចុប្បន្ន មន្រ្តីអាជ្ញាធរជាតិអប្សរាតែងតែបានដើរពិនិត្យ និងកាត់ក្រីមែកឈើ ដែលប្រឈមហានិភ័យជាប្រចាំក្តី ក៏មិនអាចដឹងថាមានអ្វីនឹងកើតឡើងជាមុនដែរ។
ដូច្នេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ និងអ្នកបើកបររថយន្តដឹកភ្ញៀវទេសចរទាំងអស់ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលមានករណីភ្លៀងធ្លាក់ ឬខ្យល់ខ្លាំង សូមកុំទៅជ្រកក្រោមដើមឈើ ឬយករថយន្តទៅចតក្រោមដើមឈើ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ៕
