Computer man Computer man
ព័ត៏មានជាតិ

អាជ្ញាធរជាតិអប្សរា កំពុងជួសជុសព្រះវិហារ នៅវត្តប្រាសាទលលៃ


ភ្នំពេញ៖ ព្រះវិហារដែលមានចំណាស់ខិតជិត១០០ឆ្នាំ ស្ថិតនៅជ្រុងខាងកើតឆៀងខាងត្បូងនៃតួប្រាសាទលលៃ មានទំហំបណ្តោយ២៧,៥ម ទទឹង១១,២ម និងកម្ពស់១៥,៥ម ដែលបានបង្កើតជារូបឯក នៃបុរាណដ្ឋានរវាងប្រាសាទ និងទេសភាពជនបទដ៏ស្រស់ស្អាត ដែលកំពុងឈានដល់វ័យចាស់ទ្រុឌទ្រោម ដោយសារអាយុកាល គុណភាពនៃសំណង់ និងមានការបំផ្លាញដោយសត្វល្អិត ត្រូវបានអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុល និងអភិរក្សឡើងវិញ ដោយប្រើប្រាស់បច្ចេកទេស និងសម្ភារដូចដើមទាំងស្រុង។

អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលព្រះវិហារនៅប្រាសាទលលៃ គឺចាប់ផ្តើមនៅខែមិថុនា រហូតដល់ខែធ្នូ ចុងឆ្នាំ២០២២។ គោលបំណងនៃការជួសជុល និងអភិរក្សព្រះវិហារនេះ គឺដើម្បីថែរក្សាមរតកវប្បធម៌ខ្មែរលើវិស័យព្រះពុទ្ធសាសនាដ៏រស់រវើក ឱ្យនៅឋិតថេរបន្តទៅមុខទៀត។ ម្យ៉ាង បម្រើប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ និងការសិក្សារៀនសូត្រ បង្កើតភាពសោមនស្សដល់អារម្មណ៍ភ្ញៀវទេសចរដែលមកទស្សនាទឹកដីបុរាណដ្ឋានមួយនេះ។

សូមបញ្ជាក់ថា ព្រះវិហារនៅវត្តប្រាសាទលលៃ ស្ថិតក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចាប់ផ្តើមការជួសជុល និងអភិរក្ស ក្រោមការឧបត្ថម្ភថវិកា និងបច្ចេកទេសពីអាជ្ញាធរជាតិអប្សរា៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top