Computer man Computer man
ព័ត៏មានជាតិ

គណៈលេខាមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម អបអរសាទរ ចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់


ភ្នំពេញ៖ ឯកឧត្តម ដូ វ៉ាន់ចៀន (Do Van Chien) គណៈលេខាមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានអបអរសាទរ ចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលថ្មីៗនេះ។

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានទទួលជួបគណៈប្រតិភូវៀតណាមដឹកនាំដោយ ឯកឧត្តម ដូ វ៉ាន់ចៀន (Do Van Chien) គណៈលេខាមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបានមានប្រសាសន៍ថា ឆ្នាំនេះ ជាឆ្នាំមិត្តភាព នៃថ្ងៃបង្កើតទំនាក់ទំនងការទូត រវាងប្រទេសយើងទាំងពីរ (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២) ហើយប្រទេសទាំងពីរក៏បានរៀបចំព្រឹត្តិការណ៍ជាច្រើនក្នុងការចូលរួមអបអរសាទរនូវចំណងសាមគ្គីភាពនៃប្រទេសទាំងពីរ ។

លោកជំទាវបន្ថែមថា ទំនាក់ទំនងប្រទសទាំងពីរក៏បានរីកចម្រើនជាប្រចាំ ជាពិសេស នៅក្នុងដំណាក់កាលដែល ប្រទេសជាតិមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីបានស្តែងចេញ ជាផ្លែផ្កាលើគ្រប់វិស័យ ពីវិស័យនយោបាយ រហូតដល់វិស័យ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងវិទ្យាសាស្ត្រជាដើម។ ទន្ទឹមនោះទំនាក់ទំនងពាណិជ្ជកម្មរវាង ប្រទេសទាំងពីរកាន់តែមានការកើនឡើងជាលំដាប់ផងដែរ ។

ជាការឆ្លើយតប ឯកឧត្តម ដូ វ៉ាន់ចៀន បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់កម្ពុជា និងបានកោតសសើរអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានអបអរសាទរចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលថ្មីៗនេះ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យគណៈប្រតិភូស្នាក់នៅ ទទួលបានសុខសុវត្ថិភាព ក្នុងអំឡុងពេលបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top