Computer man Computer man
ព័ត៏មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ផេននី វង់ រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី


ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ផេននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី។

លោកជំទាវ ផេននី វង់ បានសម្ដែងនៅក្តីរីករាយដែលបានមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

លោកជំទាវបានការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំ និងអបអរសាទរ ជូនចំពោះសម្តេចតេជោដែលទទួលបានជោគជ័យជាប្រធានអាស៊ានឆ្នាំនេះ។

លោកជំទាវបានថ្លែងអំណរគុណចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការសម្របសម្រួល និងរកគន្លឹះ ដើម្បីដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ដែលក្នុងនោះសម្តេចតេជោបានធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ា ដោយផ្ទាល់ ដើម្បីស្វះស្វែងរកដំណោះស្រាយលើវិបត្តិរបស់មីយ៉ាន់ម៉ា។

លោកជំទាវរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី មានក្តីសង្ឃឹមថា នឹងមានការពង្រីក និងពង្រឹង ភាពជាដៃគូទាំងជាមួយកម្ពុជាផង និងទាំងជាមួយសហគមន៍អាស៊ានផង។

ជាការឆ្លើយតប សម្ដេចតេជោបានសម្ដែងនូវការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី និងបានសម្ដែងនូវការអបអរសាទរចំពោះគណបក្សពលករអូស្ត្រាលីដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីខែឧសភាកន្លងទៅ និងអបអរសាទរជូនចំពោះលោកជំទាវ ផេននី វង់ ដែលបានឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសថ្មីរបស់អូស្ត្រាលី។សម្តេចតេជោក៏បានសម្ដែងនូវការអរគុណចំពោះអូស្ត្រាលីក្នុងការចូលរួមស្វែងរកសន្តិភាពដល់កម្ពុជាកាលពីអតីតកាល ។

សម្តេចតេជោក៏អរគុណដល់អូស្ត្រាលីដែលបានផ្ដល់វ៉ាក់សាំង និងកន្លែងស្តុកវ៉ាក់សាំងដល់កម្ពុជាជួយឲ្យកម្ពុជាប្រយុទ្ឋប្រឆាំងនឹងការជំងឺរាតត្បាតកូវីដ-១៩បានយ៉ាងជោគជ័យ។

ទាក់ទងទៅនឹងបញ្ហានៅមីយ៉ាន់ម៉ាសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជាមួយកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ៥ចំណុច កម្ពុជា បានប្រកាន់យកអភិក្រមជាក់ស្តែងនិយម និងដោះស្រាយមួយជំហានម្តងៗ។ ក្នុងនោះកម្ពុជា បានផ្តោតលើការងារអាទិភាពចំនួន៣ រួមមាន៖ ១) កាត់បន្ថយ ឬបញ្ឈប់អំពើហិង្សាទាំងស្រុង, ២) ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការបំផុតដោយគ្មានការរើសអើង និងទី៣) កសាងទំនុកចិត្ត និងបង្កើតបរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនានយោបាយ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ តែទោះជាយ៉ាងណា កម្ពុជា បានសោកស្តាយ និងភ្ញាក់ផ្អើលចំពោះការអនុវត្តន៍ទោសប្រហារជីវិតលើអ្នកទោសនយោបាយ៤រូបនាពេលចុងក្រោយនេះ។ ប្រតិកម្មតបនឹងឥរិយាបថនេះ ក្នុងនាមប្រធានអាស៊ាន កម្ពុជាបានបញ្ចេញប្រតិកម្មតាមរយៈ សេចក្តីថ្លែងការណ៍ផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ថា បើទោះបីមានការលំបាក និងស្មុគស្មាញយ៉ាងណាក៏ដោយ ក៏កម្ពុជាបន្តខិតខំជួយមីយ៉ាន់ម៉ា ឱ្យវិលទៅរកប្រក្រតីភាព និងដំណើរការតាមគន្លងប្រជាធិបតេយ្យឡើងវិញ។

សម្ដេចតេជោក៏បានសម្តែងនូវការរីករាយនូវភាពជាដៃគូរវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសរីករាយដោយឃើញទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងក្នុងរង្វង់ជាង ២០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០១៩ មក។

សម្ដេចតេជោក៏បានស្នើសុំឲ្យអូស្ត្រាលីបង្កើនសកម្មភាពពាណិជ្ជកម្មជាពិសេសបង្កើតការនាំអង្ករពីកម្ពុជានឹងបើកទីផ្សារទទួលផលិតផលកម្ពុជាឲ្យបានធំទូលាយជាងមុនដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មបន្ថែមទៀត។

ហើយបានស្វាគមន៍ចំពោះការដាក់ឱ្យប្រើនូវឧបករណ៍ផ្សព្វផ្សាយវិនិយោគកសិកម្ម ចំណីអាហារកាលពី ថ្ងៃទី១៥ ខែកក្កដាកន្លងទៅដែលជាថ្នាលបច្ចេកវិទ្យាតែមួយគត់ដែលនឹងផ្ដល់ព័ត៌មាន និងជួយវិនិយោគិនផងដែរ។

មុននឹងបញ្ចប់សម្តេចតេជោក៏បានសម្ដែងនូវការរីករាយជាមួយ នឹងភាពជោគជ័យ នៃដំណើរការដ៏រលូន របស់ក្រុមហ៊ុនអូស្ត្រាលីនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top