Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការយកចិត្តទុកដាក់ដល់អតីតយុទ្ធជន អតីតគ្រូបង្រៀន និងមន្ត្រីចូលសោធននិវត្តន៍ ជាកាតព្វកិច្ច


ភ្នំពេញ៖ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ការយកចិត្តទុកដាក់ដល់អតីតយុទ្ធជន អតីតគ្រូបង្រៀន និងមន្ត្រីចូលសោធននិវត្តន៍គឺជាកាតព្វកិច្ច (កាតព្វកិច្ចផ្នែកសីលធម៌) ដែលមិនខុសពីការយកចិត្តទុកដាក់ចំពោះឪពុកម្តាយ ឬអាណាព្យាបាលក្នុងគ្រួសារមួយនោះទេ ។

ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា ការយកចិត្តទុកដាក់ដល់អតីតយុទ្ធជន ក៏ដូចជាគ្រូបង្រៀន និងមន្ត្រីរាជការចូលនិវត្តន៍ គឺជាកាតព្វកិច្ច យ៉ាងហោចណាស់ ក៏នៅក្នុងន័យកាតព្វកិច្ចផ្នែកសីលធម៌ដែរ ដោយមិនខុសពីក្នុងគ្រួសារនីមួយៗ ដែលកូនចៅត្រូវយកចិត្តទុកដាក់ទំនុកបម្រុងដល់ឪពុកម្តាយនៅពេលពួកគាត់ចាស់ជរា។

ក្នុងពិធីសំណេះសំណាលជាមួយ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ក្នុងន័យនេះ កិច្ចការនេះ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល និងគួរត្រូវបានលើកទឹកចិត្តឱ្យមានការចូលរួមទូលំទូលាយពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនជំនាន់ក្រោយតាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ពីព្រោះថា៖

– ឪពុកម្តាយបានធ្វើការលះបង់ច្រើនណាស់ ក្នុងការកសាងគ្រួសាររឹងមាំ ដោយខិតខំចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យកូនៗបានសិក្សារៀនសូត្រ និងកសាងអនាគត។ យ៉ាងណាមិញ អតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីរាជការចូលនិវត្តន៍ ក៏បានដើរតួនាទីសំខាន់នៅក្នុងដំណើរការ កសាងប្រទេសជាតិពីបាតដៃទទេ រហូតមានការអភិវឌ្ឍរឹងមាំដូចបច្ចុប្បន្ន ដោយឈានចេញពីប្រទេសដែលមានសង្គ្រាមហែកហួររហូតដល់ទទួលបានសន្តិភាព និងការបង្រួបបង្រួមជាតិពេញលេញ, ពីប្រទេសមួយដែលខ្វះខាតធនធានមនុស្ស ទៅជាប្រទេសមួយដែលមានសក្តានុពលគ្រប់គ្រាន់ ដែលអាចរួមគ្នាទទួលខុសត្រូវ លើជោគវាសនារបស់ប្រទេសជាតិ។

– ឪពុកម្តាយបានត្រួសត្រាយផ្លូវ និងផ្តល់ឱកាសឱ្យកូនចៅ មានមូលដ្ឋានអាចដើរទៅមុខបានរឹងមាំ គឺដូចគ្នានឹងអតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីរាជការចូលនិវត្តន៍ ដែលបានត្រួសត្រាយផ្លូវ និងកសាងមូលដ្ឋានសម្រាប់ផ្តល់ឱកាសឱ្យយោធិន និងមន្ត្រីរាជការជំនាន់ក្រោយអាចបន្តការងារ បម្រើជាតិកាន់តែមានប្រសិទ្ធភាព។

– ឪពុកម្តាយទោះបីជាគាត់មានវ័យចំណាស់ ឬបានចូលសម្រាកពីការងារក៏ដោយ ប៉ុន្តែគាត់នៅតែជាធនធានមួយយ៉ាងសំខាន់ សម្រាប់គ្រួសារដែលអាចនៅបន្តផ្តល់ការណែនាំ ផ្តល់យោបល់ តម្រង់ទិស និងផ្តល់ការគាំទ្រគ្រប់ពេលវេលា ដល់កូនចៅជំនាន់ក្រោយ។ ក្នុងន័យនេះ អតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីរាជការចូលនិវត្តន៍ ក៏នៅតែជាធនធានយ៉ាងសំខាន់ ដែលពោរពេញទៅដោយបទពិសោធន៍ការងារ និងជាប្រភពសំខាន់នៃចំណេះដឹង និងចំណេះធ្វើ ដែលអាចចែករំលែកដល់អ្នកជំនាន់ក្រោយ ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top