Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម សួន រស្មី អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី ទស្សនៈជាមូលដ្ឋានអធិការកិច្ច និងវិធីសាស្រ្តអធិការកិច្ចទូទៅ


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ អគ្គាធិការដ្ឋាន នៃក្រសួងមុខងារសាធារណៈ បានរៀបចំ វគ្គបណ្តុះបណ្តាល ស្តីពី “ទស្សនៈជាមូលដ្ឋានអធិការកិច្ច និងវិធីសាស្រ្តអធិការកិច្ចទូទៅ”។ វគ្គបណ្ដុះបណ្ដាល មានការចូលរួមពី ឯកឧត្តម លោក លោកស្រី អគ្គាធិការ រង ប្រធាននាយកដ្ឋាន អធិការ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរាជការ នៃអគ្គាធិការដ្ឋាន ព្រមទាំងសិស្សមន្ត្រីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាលឆ្នាំសិក្សា២០២២ មួយចំនួន សរុបអ្នកចូលរួមប្រហែល៩០នាក់។

ក្នុងឱកាសនោះ លោក ម៉ុត សារៈ ប្រធាននាយកដ្ឋានរដ្ឋបាល នៃអគ្គាធិការដ្ឋាន បានឡើងធ្វើបទស្វាគមន៍ និងបង្ហាញពីដំណើរការរៀបចំវគ្គបណ្តុះបណ្តាលនេះ។

ក្រោយពីវាគ្មិនបានឡើងធ្វើបទបង្ហាញចំនួន២ ប្រធានបទ ទី១ ទស្សនៈជាមូលដ្ឋានអធិការកិច្ច ដោយលោក សុខ ដារ៉ា អនុប្រធាននាយកដ្ឋាន ប្រធានបទទី២ វិធីសាស្ត្រ អធិការកិច្ច ទូទៅ ដោយលោក ឆឹង វាសនា និងការពិភាក្សា សំនួរចម្លើយ ។
ក្នុងកម្មវិធីនោះ ឯកឧត្តម សួន រស្មី អគ្គាធិការ នៃអគ្គាធិការដ្ឋាន បានថ្លែងបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាល និងកិច្ចពិភាក្សា ពិគ្រោះយោបល់នេះ ធ្វើឱ្យមន្ត្រីអធិការកិច្ចទទួលបានចំណេះដឹង បទពិសោធន៍ ថ្មីៗ បន្ថែមទៀត ពិសេសបានផ្តល់ធាតុចូលសំខាន់ៗមួយចំនួន ដូចជា៖
១-ការអភិវឌ្ឍសមត្ថភាពយល់ដឹងកាន់តែច្បាស់ពាក់ព័ន្ធនឹងមូលដ្ឋានការងារអធិការកិច្ច វិស័យ មុខងារសាធារណៈ ដល់មន្ត្រីអធិការកិច្ច
២-បានរៀនសូត្រ ស្វែងយល់ ដកពិសោធន៍ និងកិច្ចពិភាក្សាយ៉ាងល្អិតល្អន់ ដើម្បីមានមូលដ្ឋានរឹងមាំក្នុងការកសាងលិខិតបទដ្ឋានគតិយុត្តចាំបាច់មួយចំនួន និងអនុវត្តការងារ
៣-ទទួលបានធាតុចូលបន្ថែមសម្រាប់អនុវត្តការងារអធិការកិច្ច ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ។

មុននឹងបញ្ចប់កម្មវិធី ឯកឧត្តម សួន រស្មី អគ្គាធិការ នៃអគ្គាធិការដ្ឋាន បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ដែលបានអនុញ្ញាតអោយរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាលដើម្បីអភិវឌ្ឍសមត្ថភាពមន្រ្តីអធិការកិច្ច និង ឯកឧត្តម នាយកសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ ដែលផ្តល់កិច្ចសហការ ល្អ ផ្តល់ទីតាំង សម្រាប់កម្មវិធីនានា និងថវិកាក្នុងការរៀបចំកម្មវិធី និងថ្លែងអំណរគុណដល់វាគ្មិន ព្រមទាំងសិក្ខាកាមទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងបានសរសើរដល់ការខិតខំពិភាក្សាផ្តល់ធាតុចូលជាច្រេីន សម្រាប់កសាងគោលការណ៍ និងនីតិវិធីអធិការកិច្ច ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារអធិការកិច្ចវិស័យមុខងារសាធារណៈ ។

ចុងបញ្ចប់កម្មវិធី ឯកឧត្តម អគ្គាធិការ បានណែនាំ ដល់ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃអគ្គាធិការដ្ឋាន សូមបន្តការសិក្សាស្រាវជ្រាវ បន្តខិតខំ បំពេញការងារ ការគោរពអនុវត្តតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងសំណូមពរឱ្យបន្តអនុវត្តវិធានការសុខាភិបាល ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top