Computer man Computer man
ព័ត៏មានជាតិ

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) កម្ពុជា-កូរ៉េ (CKFTA) ត្រូវបានរដ្ឋសភាកូរ៉េផ្តល់សច្ចាប័នរួចរាល់ហើយ


ភ្នំពេញ៖ រដ្ឋសភាកូរ៉េ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយកម្ពុជារួចរាល់ហើយ ដែលនឹងធ្វើឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ទី២របស់កម្ពុជា អាចចូលជាធរមាននៅ៦០ថ្ងៃ បន្ទាប់ពីរាជរដ្ឋាភិបាលកូរ៉ ជូនដំណឹងផ្លូវការមកកម្ពុជា។

យោងតាមការចុះផ្សាយរបស់ The Korea Times, សភាកូរ៉េបានផ្តល់សច្ចាប័ន លើសច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា តំណាលគ្នានឹងការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េ ជាមួយនឹងអ៊ីស្រាអែលផងដែរ។

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានបញ្ជាក់ថា «រដ្ឋាភិបាលកូរ៉េនឹងជូនដំណឹងដល់អ៊ីស្រាអែល និងកម្ពុជា អំពីការបញ្ចប់នីតិវិធីក្នុងស្រុកទាំងអស់ ដើម្បីឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះចូលជាធរមាន»។
គួររម្លឹកថា៖ ប្រទេសកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយកម្ពុជា កាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅ។

បន្ទាប់ពីសភាកូរ៉េផ្តល់សច្ចាប័នរួចហើយ រដ្ឋាភិបាលកូរ៉េនឹងធ្វើការជូនដំណឹង (Notification) ដល់កម្ពុជា នៅរយៈពេល ៦០ថ្ងៃ បន្ទាប់ពីការជូនដំណឹងនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) នឹងត្រូវចូលជាធរមាន។

ក្រសួងពាណិជ្ជកម្មរំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ នឹងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់កូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ទី២របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន បានចូលជាធរមាន កាលខែមករា ឆ្នាំ២០២២ តំណាលគ្នានឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top