Computer man Computer man
ព័ត៏មានជាតិ

ឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ ចុះអប់រំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងឯកសារជំនួយស្មារតី ឆ្នាំ២០២២ ដល់នាយទាហាន នាយទាហានរង ពលទាហាន នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង


ភ្នំពេញ៖ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានរៀបចំពិធីអប់រំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងឯកសារជំនួយស្មារតី ឆ្នាំ២០២២ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ នាយសេនាធិការរង យោធភូមិភាគទី៥។

ឧត្តមសេនីយ៍ត្រី បានមានប្រសាសន៍ថាការផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗ និងការប្រែប្រួលនៃសង្គ្រាមរបស់ប្រទេសមហាអំណាចធំៗ និងវិបត្តនៃសង្គ្រាមមានដូចជា ការបាត់បង់អាយុជីវិត ទីជំរក ខ្វះស្បៀងអាហារ ខ្វះការថែទាំសុខមាលភាពអនាម័យ បាត់បង់ពាណិជ្ជកម្ម ការវិនិយោគ ដែលធ្វើឱ្យឱនភាពនៃសេដ្ឋកិច្ចនៅក្នុងតំបន់ និងពិភពលោក។

ក្នុងនោះដែរឧត្តមសេនីយ៍ត្រី ក៏បានរំលឹកអំពីប្រវត្តិសាស្រ្តកម្ពុជា នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅងងឹត ព្រៃផ្សៃយង់ឃ្នងនេះអស់រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ បានធ្វើអោយបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញផុត ពីរបបឃោរឃៅព្រៃផ្សៃមួយនេះ ដោយអនុវត្តតាមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់សង្រ្គាមទាំងស្រុង ទូទាំងប្រទេសធ្វើឱ្យប្រជាពលរដ្ឋមានសិទ្ធសេរីភាពពេញលេញឡើងវិញ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ។

លោកក៏បានដាស់តឿនក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ត្រូវគោរព និងអនុវត្តឱ្យបាននូវបទវិន័យ បទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈទូទៅ របស់កងយោធពលខេមរភូមិន្ទឱ្យបានម៉ឺងម៉ាត់ ហើយយោធិនគ្រប់រូបត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងត្រូវបម្រើប្រជាជនដោយស្មោះត្រង់។

ឧត្តមសេនីយ៍ត្រី បានណែនាំដល់យោធិនទាំងអស់ ត្រូវចៀសឆ្ងាយពីគ្រឿងញៀនឲ្យបានដាច់ខាត អនុវត្តគោរពច្បាប់ចរាចរណ៍ បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងបន្តអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជំងឺអុតស្វា ព្រមទាំងគោរពអនុវត្តនូវអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ និង៣កុំ ជាប់ជាប្រចាំផងដែរ ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top