Computer man Computer man
ព័ត៏មានជាតិ

សម្តេច ហេង សំរិន អនុញ្ញាតឱ្យ ឯកឧត្តមប្រធានសមាគមមិត្តភាពឡាវកម្ពុជា ចូលជួបសម្តែងការគួរសម


ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យ ឯកឧត្តម ខាំបាយ ដាំឡាត អនុប្រធានរដ្ឋសភាឡាវ និងជាប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ចូលជួបសម្តែងការគួរសម ខណៈដែលសម្តេចកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសឡាវ។

ឯកឧត្តម ខាំបាយ ដាំឡាត បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់សម្តេច និងគណៈប្រតិភូនៅក្នុងប្រទេសឡាវនាពេលនេះ បានធ្វើឱ្យចំណងមិត្តភាពរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទំាងពីរ ដែលមានលក្ខណៈជាប្រពៃណីនិងបងប្អូនជាយូរលុងមកហើយនោះ កាន់តែស្អិតរមួតនិងរឹងមាំថែមទៀត។

ឯកឧត្តមប្រធានសមាគម បានរាយការណ៍ជូនសម្តេចពីសកម្មភាពការងារ និងកិច្ចសហប្រតិបត្តិរវាងសមាគមមិត្តភាពប្រទេសទំាងពីរ នាពេលកន្លងមក និងថាដើម្បីពង្រឹងពង្រីកទំនាក់ប្រជាជននិងប្រជាជន ពីថ្នាក់លើដល់ថ្នាក់មូលដ្ឋាន នៅពេលនេះ សមាគមមិត្តភាពឡាវ-កម្ពុជា បានបង្កើតសាខានៅតាមខេត្តចំនួនពីរជាប់ព្រំដែនកម្ពុជា ដើម្បីបង្កលក្ខណៈឱ្យប្រជាជនប្រទេសទំាងពីរមានទំនាក់ទំនងគ្នាកាន់តែងាយស្រួល តាមរយៈកម្មវិធីបុណ្យទាន លេងកីឡា និងការធ្វើពាណិជ្ជកម្មជាដើម។

ឯកឧត្តម ខាំបាយ ដាំឡាត គោរពស្នើសុំសម្តេចប្រធានរដ្ឋសភាមេត្តាជួយគំាទ្រដល់សកម្មភាពសមាគមប្រទេសទំាងពីរបន្តទៀត ដើម្បីលើកទឹកចិត្តនិងជំរុញប្រសិទ្ធភាពការងាររបស់សមាគមក្នុងការបង្កើនទំនាក់ទំនងប្រជាជននិងប្រជាជននិងប្រជាជនប្រទេសទំាងពីរ ឱ្យកាន់តែសកម្មឡើងពីថ្នាក់លើដល់ថ្នាក់មូលដ្ឋាន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលសមាគមមិត្តភាពប្រទេសទំាងពីរសម្រេចបាននាពេលកន្លងមក។ សម្តេចចាត់ទុកសមាគមមិត្តភាពកម្ពុជា-ឡាវ និងឡាវ-កម្ពុជា គឺជាតួអង្គដ៏មានសារៈសំខាន់ ក្នុងការរួមចំណែកផ្សាភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រជាជនទាំងពីរ ឱ្យកាន់តែស្និទ្ធស្នាល រឹងមាំ និងស្ថិតស្ថេរយូរអង្វែង តាមបំណងប្រាថ្នានៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។

សម្តេចបានគាំទ្រសកម្មភាពទាំងឡាយ របស់សមាគមមិត្តភាព ដែលរួមចំណែកក្នុងការថែរក្សាសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ និងបានលើកទឹកចិត្តដល់សមាគមមិត្តភាព នៃប្រទេសទាំងពីរ បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រជាជាតិទាំងសងខាង៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top