Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម គួច ចំរើន និងឯកឧត្តម ឈួន ចាន់ថន បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសៀវភៅផែនការជាតិប្រយុទ្ធប្រឆាំងភេរវកម្ម


ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឈួន ចាន់ថន អនុប្រធានលេខាធិការដ្ឋាន នៃគណ:កម្មាធិការជាតិប្រឆាំងភរវកម្ម នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសៀវភៅផែនការជាតិប្រយុទ្ធប្រឆាំងភេរវកម្ម ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ស្រុក និងប្រធានមន្ទីរអង្គភាពពាក់ពន្ធក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសៀវភៅផែនការជាតិប្រយុទ្ធប្រឆាំងភេរវកម្ម ក្នុងគោលបំណងបង្កើនការយល់ដឹង និងលើកកម្ពស់នីតិវិធី បង្កើនជីវភាពការងារ ការចូលរួមដោះស្រាយការងារភេរវកម្មជាលក្ខណៈចម្រុះស្ថាប័ននៅថ្នាក់មូលដ្ឋាន។

រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពង្រឹងកិច្ចការពារបូរណភាពទឹកដី កិច្ចការពារថែរក្សាសុខសន្តិភាព និងស្ថេរភាពសង្គមធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កាត់បន្ថយភាពក្រីក្រ លើកកម្ពស់គោលការលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជារស់នៅប្រកបដោយសុខដុមរមនាក្រោមដំបូលសន្តិភាព គណៈបញ្ជាការឯកភាពខេត្តដែលមានកងកម្លាំងគ្រប់ប្រភេទជាសេនាធិការ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បានខិតខំពុះពារ រែកពន់ការងារជាច្រើនប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ការចូលរួមអនុវត្តផ្ទាល់នូវវិធានការនានារបស់រាជរដ្ឋាភិបាលប្រឆាំងនឹងជំងឺកូវីដ១៩ ការដោះស្រាយជីវភាពប្រជាពលរដ្ឋរងផលប៉ះពាល់នឹងជំងឺកូវីដ១៩។ បទល្មើសគ្រប់ប្រភេទមានការថយចុះ និងយុទ្ធនាការប្រឆាំងនឹងបទល្មើសនានាត្រូវបានចាត់ចែងនឹងអនុវត្តជាប្រចាំ ដូចជាយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ យុទ្ធនាការប្រឆាំងការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ការប្រុយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បទល្មើសសេដ្ឋកិច្ច និងបទល្មើសផ្សេងៗទៀត សណ្តាប់ធ្នាប់សាធារណ: និងសមិទ្ធផលសង្គមនៅតាមទីប្រជុំជន និងតំបន់ទេសចរណ៍ដោយផ្តោតសំខាន់ការផ្សព្វផ្សាយអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមអនុវត្តច្បាប់ ការរឹតបណ្តឹងការអនុវត្តច្បាប់ និងវិធានការនានាត្រូវបានពង្រឹងគុណភាព ការងារកែលម្អជាប្រចាំនូវរបៀបរបបការងាររបស់មន្រ្តីនៅតាមភូមិ ឃុំ សង្កាត់ បន្តជំរុញចលនាអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពធ្វើឱ្យប្រជាពលរដ្ឋមានការគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខសុវត្ថិភាពនៅមូលដ្ឋាន។

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២កន្លងមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំការត្រួតពិនិត្យការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទនៅខេត្តព្រះសីហនុ បានដាក់ចេញនូវគោលការណ៍ដូចជា ការអនុវត្តច្បាប់ ពង្រឹងសន្តិសុខ សុវត្ថិភាពសាធារណៈ ដោះស្រាយបញ្ហាប្រឈមឱ្យបានល្អប្រសើរ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ តាមរយៈក្រសួងការបរទេស និងប៉ូលីសអាំងទែប៉ូល។

អ្នកច្បាប់ នៃក្រសួងយុត្តិធម៌ និងផ្តល់និយមន័យឱ្យបានច្បាស់លាស់នូវនិយមន័យបទល្មើសនីមួយៗ ដើម្បីឯកភាពគ្នាលើពាក្យពេចន៍ និងខ្លឹមសារនៃការផ្សព្វផ្សាយជាសាធារណៈ ការគ្រប់គ្រងព្រំដែនគោក ព្រំដែនទឹក កិច្ចសហការគ្នារវាងមន្ត្រីអន្តោប្រវេសន៌ នគរបាលព្រំដែនទឹក និងកងយោធពលខេមរៈភូមិន្ទក្នុងការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព។ សូមអង្គសិក្ខាសាលាត្រង់ត្រាប់ស្តាប់បទបង្ហាញនូវផែនការជាតិ ស្តីពីការប្រឆាំងនឹងភេរវកម្ម ឱ្យបានផុសផុល និងលើកជាសំណូមពរនានា ដើម្បីឈ្វេងយល់កាន់តែច្បាស់អំពីផែនការជាតិប្រយុទ្ធប្រឆាំងនិងភេរវកម្ម។

ឯកឧត្តម ឈួន ចាន់ថន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភរវកម្ម មានប្រសាសន៍បើកសិក្ខាសាលាថា កម្ពុជាជាហត្តលេខីរបស់អង្គការសហប្រជាជាតិ ដែលជាតម្រូវការចាំបាច់ដែលត្រូវធ្វើសិក្ខាសាលាផ្សព្វផ្សាយសៀវភៅផែនការជាតិ ក្នុងគោលបំណងនៃសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ដើម្បីសម្របសម្រួល និងនីតិវិធីនានាក្នងការត្រៀមខ្លួនជាមុន ការបង្ការ និងការប្រឆាំងភរវកម្ម រួមទាំងការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ជាផែនការឆ្លើយតបរបស់អន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ។ កម្ពុជាជាភាគីមួយ នៃអនុសញ្ញាពិធីសារការសម្រេចចិត្ត និងអនុសាសន៍មួយចំនួនទាក់ទងនឹងភេរវកម្មរបស់អង្គការសហប្រជាជាតិ បូករួមនិងច្បាប់ផ្សេងៗទៀតដូចជា ច្បាប់ស្តី ពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស|រកម|០៦២០|០២១ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។ ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស|រកម|០៦២០|០១៩ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top