Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងលោកជំទាវ សិរិចរណវិសិទ្ធិ ហាក់ ជូ អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៧ នៅភូមិបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង


ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងលោកជំទាវសិរីចរណវិសិទ្ធិ ហាក់ ជូ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាទីប្រឹក្សា ឯកឧត្តម នាយកខុទ្ទកាល័យ នាយករង និងក្រុមមន្រ្តីជំនួយការ ឯកឧត្តមអនុប្រធានទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៧ នៅភូមិបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិកជនប្រារព្ធធ្វើឡើងក្នុងគោលបំណង ដើម្បីរៀបចំសង្ឃភត្តទំនុកបម្រុងដល់ព្រះសង្ឃក្នុងរដូវវស្សាពីព្រោះរដូវនេះមានភ្លៀងធ្លាក់បង្កឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រ។ ម្យ៉ាងទៀតក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជនរបស់ពួកគាត់ឲ្យបានទៅកាន់សុគតិភពផងដែរ។

ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅភូមិបន្លិចប្រាសាទ ស្រុកពាមរក៍ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងលោកជំទាវ រួមនឹងពុទ្ធបរិស័ទទាំងអស់ បាននាំយកចង្ហាន់ទេយ្យទានផ្សេងៗទៅវេរប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជនដែលបានលាចាកលោកទៅកាន់លោកខាងមុខ ក៏ដូចជាវិញ្ញាណក្ខន្ធបុព្វបុរសស្នេហាជាតិទាំងអស់ បានមកទទួលយកកុសលផលបុណ្យតាមជំនឿបែបព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ព្រមទាំងបានធ្វើកិច្ចបែបសាសនាស្របតាមទំនៀមទម្លាប់នៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងលោកជំទាវ បានចូលរួមបច្ច័យសម្រាប់ចង្ហាន់ និងទេយ្យទានប្រគេនដល់ព្រះសង្ឃ និងសូមឧទ្ទិសកុសលផលបុណ្យដល់ញាតិសន្តានដែលបានចែកឋានទៅ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top