Computer man Computer man
ព័ត៏មានជាតិ

អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ នឹងកាន់តែមានតួនាទីសំខាន់នៅក្នុងអភិបាលកិច្ចសកល




កិច្ចប្រជុំកំពូលនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ដែលត្រូវបានប្រារពធ្វើឡើងក្នុងទីក្រុងប្រវត្តិសាស្រ្តសាម៉ាខាន់នៃប្រទេសអ៊ូបេគីស្ថាន កាលពីថ្ងៃទី១៥ និងទី១៦ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោកយ៉ាងខ្លាំង។ ចាប់តាំងពីឆ្នាំ២០១៩មក ពោលគឺចាប់តាំងពីការចាប់ផ្ដើមនៃការីករាលដាលជំងឺកូវីដ១៩ នេះគឺជាកិច្ចប្រជុំកំពូលលើកទី១ ដែលមេដឹកនាំទាំងអស់របស់ប្រទេសសមាជិកអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ បានចូលរួមដោយផ្ទាល់។ ជាងនេះទៅទៀត នៅក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនូវបញ្ហាប្រឈមធ្ងន់ធ្ងរទាំងផ្នែកសន្តិសុខ នយោបាយ និងសេដ្ឋកិច្ច ចំណាប់អារម្មណ៍របស់ពិភពលោក បានផ្ដោតទៅលើរបៀបវារៈនៃកិច្ចពិភាក្សា និងលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ ដែលនឹងមានឥទ្ធិពលទៅលើតំបន់និងពិភពលោកទាំងមូល។
អង្គការតំបន់មួយនេះ បានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយប្រទេសចិន កាហ្សាក់ស្ថាន គៀគីស្ថាន តាជីគីស្ថាន រុស្ស៊ី និងអ៊ូបេគីស្ថាន។ នៅពេលអង្គការនេះត្រូវបានបង្កើតឡើងនៅគ្រាដំបូង ប្រទេសលោកខាងលិចជាច្រើនបានមើលស្រាលទៅលើអនាគតរបស់អង្គការនេះ និងទស្សទាយថា នឹងមិនអាចស្ថិតស្ថេរនៅបានយូរអង្វែងនោះឡើយ វានឹងរលាយរសាត់បាត់ពីឆាកពិភពលោកយ៉ាងឆាប់រហ័ស។ ក៏ប៉ុន្តែការព្យាករបែបនោះ គឺមិនត្រឹមត្រូវនោះឡើយ ដោយផ្ទុយទៅវិញ អង្គការនេះមិនត្រឹមតែស្ថិតនៅគង់វង្សប៉ុណ្ណោះទេ តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការកិច្ចសហប្រតិបត្តិការសៀងហៃបានវិវត្តរីកធំធាត់គួរឲ្យកត់សម្គាល់ ដោយចំនួនសមាជិករបស់ខ្លួនត្រូវបានបង្កើនជាបន្តបន្ទាប់ ហើយប្រទេសមួយចំនួនផ្សេងទៀតក៏កំពុងស្នើសុំចូលជាសមាជិកថ្មី ផងដែរ។ ប្រទេសឥណ្ឌានិងប៉ាគីស្ថាន ត្រូវបានអនុញ្ញាតឲ្យចូលជាសមាជិករបស់អង្គការនេះក្នុងឆ្នាំ២០១៧ និងនៅក្នុងឆ្នាំ២០២២នេះ ប្រទេសអ៊ីរ៉ង បានចូលជាសមាជិករបស់អង្គការនេះជាផ្លូវការផងដែរ។ ទន្ទឹមនឹងនេះ អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសសង្កេតការណ៍របស់ខ្លួនដែលរួមមាន ប្រទេសអាហ្វហ្កានីស្ថាន បេឡារុស និងម៉ុងហ្គោលី និងប្រទេសដៃគូពិភាក្សាដែលមានដូចជាប្រទេសអាមេនី អាហ្ស៊ែបៃហ្សង់ កម្ពុជា នេប៉ាល់ ស្រីលង្កា និងតួគី។ ប្រទេសមួយចំនួនផ្សេងទៀតដូចជា ប្រទេសអេហ្ស៊ីព កាតា និងអារ៉ាប៊ីសាអ៊ូឌីត ក៏នឹងត្រូវផ្ដល់ឋានៈជាប្រទេសសង្កេតការណ៍នាពេលខាងមុខផងដែរ។
ការពង្រីកខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បានប្រែក្លាយអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ទៅជាអង្គការតំបន់ធំជាងគេបំផុត ដែលគ្របដណ្ដប់ដែនដីដ៏ធំល្វឹងល្វើយនៅក្នុងដែនដីអាស៊ីអឺរ៉ុប ដោយពង្រីកបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងតំបន់កូកាស ដោយគ្របដណ្ដប់ប្រជាជនប្រហែល៤០%នៃប្រជាជនពិភពលោក ហើយផលិតផលសរុបក្នុងស្រុករបស់ប្រទេសសមាជិកមានទំហំជិត៣០ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។
អង្គការតំបន់មួយនេះបានរួមចំណែកយ៉ាងសំខាន់ដល់អភិបាលកិច្ចសកល តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការថែរក្សាសន្តិសុខស្ថេរភាព និងពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងល្អនៅក្នុងតំបន់របស់ខ្លួន និងបានពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសសង្កេតការណ៍និងដៃគូសន្ទនានានា និងសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិនិងអង្គការតំបន់និងអន្តរជាតិដទៃផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមសកលនិងពង្រឹងថែរក្សាសន្តិសុខស្ថេរភាពនិងការអភិវឌ្ឍរបស់ពិភពលោក។
ជាមួយនឹងការពង្រីកខ្លួនដោយរួមបញ្ចូលប្រទេសផលិតប្រេងធំៗនៅលើពិភពលោក ដូចជា ជារុស៊្សី អារ៉ាបីសាអ៊ូឌីត និង អ៊ីរ៉ង់ ដែលតំណាងឲ្យជាងពាក់កណ្ដាលនៃការផលិតប្រេង ប្រចាំឆ្នាំរបស់ពិភពលោក គេរំពឹងថាអង្គការនេះនឹងមានតួនាទីកាន់តែសំខាន់ក្នុងការធានានូវស្ថេរភាពថាមពលរបស់ពិភពលោក ដែលជាបញ្ហាប្រឈមចម្បងរបស់ពិភពលោកនាពេល បច្ចុប្បន្ន។
ទន្ទឹមនឹងនេះ ”ស្មារតីសៀងហៃ” ដែលជាគុណតម្លៃស្នូលនិងជាមគ្គុទេសក៍របស់អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ នឹងផ្ដល់ជាគំរូថ្មីមួយសម្រាប់អភិវឌ្ឍកែលម្អទំនាក់ទំនងអន្តរជាតិនិងអភិបាលកិច្ចសកល។ “ស្មារតីសៀងហៃ” ខុសប្លែកទាំងស្រុងពីទស្សនៈរបស់លោកខាងលិចស្ដីពីទំនាក់ទំនងអន្តរជាតិ។ គោលការណ៍ស្នូលរបស់ “ស្មារតីសៀងហៃ” គឺ “ជំនឿទុកចិត្តគ្នាទៅវិញទៅមក ផលប្រយោជន៍រួម សមភាព ការពិគ្រោះពិភាក្សា ការគោរពភាពចម្រុះនៃអរិយធម៌ និងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចការអភិវឌ្ឍរួម”។ និយាយម្យ៉ាងទៀត អង្គការនេះ ប្រកាន់ខ្ជាប់នូវគោលការណ៍បើកចំហ បរិយាប័ន្ន និងតម្លាភាព ដោយផ្ដោតទៅលើភាពជាដៃគូស្មើភាពគ្នា ការគោរពគ្នាទៅវិញទៅមក ការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដោយទាត់ចោលនូវទស្សនៈចាស់គំរិលដែលចាត់ទុកទំនាក់ទំនងអន្តរជាតិជាល្បែងដែលមានអ្នកឈ្នះនិងអ្នកចាញ់ដែលពោរពេញទៅដោយការប្រឈមមុខដាក់គ្នាក្នុងនាមជាសត្រូវ។

នៅក្នុងបរិបទបច្ចុប្បន្ន ដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាប្រឈមធ្ងន់ធ្ងរផ្នែក សន្តិសុខ សេដ្ឋកិច្ច នយោបាយ គេរំពឹងថាអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ជាមួយនឹងកំណើនកម្លាំងឥទ្ធិពលសេដ្ឋកិច្ចនយោបាយរបស់ខ្លួន នឹងដើរតួជាសរសរទ្រូងដ៏រឹងមាំដែលទ្រទ្រង់ការថែរក្សាស្ថេរភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ពិភពលោក និងការកសាងសណ្ដាប់ធ្នាប់ពិភពលោកពហុប៉ូលដែលមានសមធម៌និងយុត្តិធម៌ ៕
អត្ថបទដោយលោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top