Computer man Computer man
ព័ត៏មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៧ នៅវត្តវិមានតេជះ ហៅវត្តស្រះចក


ភ្នំពេញ៖ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរជាពុទ្ធបរិស័ទនៅទូទាំងប្រទេសដែលគោរពប្រតិបត្តិទំនៀមទម្លាប់ប្រកាន់ខ្ជាប់ប្រពៃណីព្រះពុទ្ធសាសនាហើយតែងតែធ្វើបុណ្យធ្វើទាននៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗនោះ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៧ នៅវត្តវិមានតេជះ (ហៅវត្តស្រះចក) នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សា ថ្នាក់ដឹកនាំសមាជិក សមាជិកាខុទ្ទកាល័យ ព្រមទាំងពុទ្ធបរិស័ទ បានបូជាទៀនធូបផា្កភ្ញីចំពោះ ព្រះរតនត្រ័យសមាទានសីល ធ្វើកិច្ចនមស្ការ ព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ ជាច្រើនមុខទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផលាអានិសង្ឃជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មាន មាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្ដាន។

ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏បានថ្លែងថា ការធ្វើបុណ្យកាន់បិណ្ឌនេះដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ពីរបបអាណានិគមចាស់ថ្មី និងពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏នាំយកបច្ច័យរបស់លោកជំទាវផ្ទាល់ សរុបចំនួន ៣០.៧០០.០០០រៀល និង ១២០០ដុល្លារ ប្រគេនដល់វត្តវិមានតេជះ(ហៅវត្តស្រះចក) សម្រាប់ទុកចាត់ចែង និងកសាង នៅសមិទ្ធិផលនានាក្នុងវត្ត។

សូមជម្រាបថាបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យសាសនាធំប្រចាំឆ្នាំ ដែលមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ក្នុងរយៈពេល១៥ថ្ងៃនេះ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តអារាមទូទាំងប្រទេស ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ញាតិសន្តាន ដែលបានចែកឋានទៅហើយ ឬនៅរស់រានមានជីវិតក្តី ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top