Computer man Computer man
ព័ត៏មានអន្តរជាតិ

គោលបំណងសំអាតអនាម័យបរិស្ថាន ឱ្យបានស្អាត គឺកម្ពុជាបៃតង ដើម្បីឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ានបារ៉ាហ្គេម២០២៣


ភ្នំពេញ៖ ក្នុងគោលបំណងជំរុញគ្រប់ភាគីពាក់ពន្ធទាំងអស់ឱ្យចូលរួម សំអាតអនាម័យបរិស្ថាន ឱ្យបានស្អាត គឺកម្ពុជាបៃតង ដើម្បីឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ានបារ៉ាហ្គេម២០២៣ នាព្រឹកថ្ងៃសៅរ៍ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានរៀបចំយុទ្ធនាការ “កម្ពុជាស្អាត កម្ពុជាបៃតង អបអរសាទរទិវាពិភពលោកស្អាត”ដោយមានការចូលរួមពីក្រសួងបរិស្ថាន និងភាគីពាក់ពទ្ធ័ ។ នេះបើយោងតាមក្រសួងបរិស្ថាន។

យុទ្ធនាការនេះ បានការអញ្ជើញចូលរួមជាអធិបតីភាពឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ឯកឧត្តមកែន សេរីរដ្ឋា អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ អភិបាលខណ្ឌដូនពេញ ចៅសង្កាត់ទាំង១១ យុវជនស.ស.យ.ក ប្រជាពលរដ្ឋ១១សង្កាត់ វិស័យឯកជន សរុបចំនួនប្រមាណ៣០០នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម កែន សេរីរដ្ឋា បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាទទួលបាន សុខសន្តិភាពពេញលេញ និងស្ថេរភាពនយោបាយដ៏រឹងមាំ ។

កំណើនសេដ្ឋកិច្ចលើគ្រប់វិស័យ ការអភិវឌ្ឍសង្គម ធ្វើអោយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែរីកចំរើន ចង់បានសង្គមផូរផង់ស៊ីវីល័យ បរិស្ថានស្អាត និងបៃតង ។

ឯកឧត្តមបន្ថែមទៀតថា ក្រសួងបរិស្ថានដែលមានអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថានជាសេនាធិការ បាននិងកំពុងរៀបចំកម្មវិធីចលនាប្រឡងប្រណាំង ”ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព” លើវិស័យបរិស្ថានដើម្បី «ការផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋកម្ពុជាឱ្យមានការយល់ដឹងនិងចូលរួមប្រតិបត្តិមេត្រីបរិស្ថាន» និងជំរុញឱ្យអាជ្ញាធរភូមិ ឃុំ-សង្កាត់ យកចិត្តទុកដាក់បន្ថែមទៀតក្នុងការរៀបចំភូមិ ឃុំ-សង្កាត់របស់ខ្លួនឱ្យមានអនាម័យ សោភ័ណភាព និងបរិស្ថានល្អប្រសើរក្នុងសហគមន៍មួយដែលមានភាពសុខដុមស្របតាមបរិស្ថានរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលជាការរួមចំណែកក្នុង “យុទ្ធនាការ កម្ពុជាស្អាត កម្ពុជាបៃតង” ធ្វើឱ្យមាតុភូមិកម្ពុជាយើងទទួលបានភាពស្អាត និងបៃតង។

ដូចនេះសង្គមជាតិមួយមានភាពរីកចម្រើន មានអនាម័យល្អ មានសោភណភាព និងបរិស្ថានស្អាតផូរផង់ គឺជាភារកិច្ច ការទទួលខុសត្រូវ និងការចូលរួមរបស់យើងទាំងអស់គ្នា ទាំងវិស័យសាធារណៈ វិស័យឯកជន ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top