Computer man Computer man
ព័ត៏មានជាតិ

កម្ពុជា ខិតខំប្រឹងប្រែងសហការ ជាមួយប្រទេសសមាជិក និងដៃគូក្នុងការជម្រុញ សមាហរណកម្មតំបន់និងសកល ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ


ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានលើកឡើងថា ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងសហការជាមួយប្រទេសសមាជិក និងដៃគូក្នុងការជម្រុញសមាហរណកម្មតំបន់និងសកល ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ ។

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប ឯកឧត្តម ប៉ាន សូរស័ក្តិ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកកិច្ចសន្ទនា Siem Reap Policy Dialogue ស្តីពី “ការជម្រុញវិស័យហរិញ្ញវត្ថុប្រកបដោយបរិយាប័ន្ន និងការធ្ចើពាណិជ្ជកម្មដោយស្មោះត្រង់” ដែលជាព្រឹត្តិការណ៍អមមួយនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ សហការរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប។

កម្មវិធីនេះ មានការអញ្ជើញចូលរួមដោយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន រួមទាំងសមាជិកនៃសភាពាណិជ្ជកម្មជាតិ និងអន្តរជាតិ សរុបប្រមាណ ៨០នាក់។

ក្នុងឱកាសថ្លែងសុន្ទរកថាបើកកម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា និងដៃគូពាក់ព័ន្ធ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចកម្ពុជា ក៏ដូចជាចូលរួមលើកកម្ពស់ទំនាក់ទំនង និងភាពជាដៃគូសន្ទនារវាងតំបន់អាស៊ាននិងសហភាពអឺរ៉ុប តាមរយៈការផ្តល់ហិរញ្ញប្បទាន ការគាំទ្របច្ចេកទេស និងការរៀបចំព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្ម-ធុរកិច្ច។ល។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា «ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងសហការជាមួយប្រទេសសមាជិក និងដៃគូក្នុងការជម្រុញសមាហរណកម្មតំបន់និងសកល ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ ដែលរួមបញ្ចូលផងដែរពីតួនាទីដ៏សំខាន់របស់វិស័យឯកជន មីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យម ដែលជាកត្តាលីករជំរុញការស្តារសេដ្ឋកិច្ចនៅក្នុងតំបន់ឡើងវិញ និងបន្តកំណើនប្រកបដោយចីរភាពនិងបរិយាប័ន្ន» ។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរបស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប និងដៃគូរពាក់ព័ន្ធដ៏ទៃទៀត នាពេលកន្លងមក ក្នុងការរួបរួមគ្នាដោះស្រាយវិបត្តិនានាក្នុងតំបន់ និងពិភពលោក ព្រមទាំងបានជូនពរឱ្យកិច្ចកិច្ចសន្ទនាថ្ងៃនេះ ទទួលបានជោគជ័យ ប្រកបផ្លែផ្លា ផងដែរ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top