Computer man Computer man
ព័ត៏មានជាតិ

មេបញ្ជាការ យោធភូមិភាគទី៤ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងបំពាក់ឋានន្តរសក្តិ បំពាក់គ្រឿងឥស្សរិយយស ជូនដល់យោធិនសោធននិវត្តន៍


ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងបំពាក់ឋានន្តរសក្តិ បំពាក់គ្រឿងឥស្សរិយយស ជូនដល់យោធិនដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍ របស់អង្គភាពយោធភូមិភាគទី៤ ប្រចាំឆ្នាំ២០២២។

មតិសំណេះសំណាលជាមួយយោធិនដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍ចំនួន ១២២នាក់ របស់អង្គភាពយោធភូមិភាគទី៤ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ចំពោះបងប្អូនយោធិនដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍ របស់អង្គភាពយោធភូមិភាគទី៤ គឺជាគំរូវីរៈដ៏អង់អាចក្លាហាន ដែលបានចូលរួមធ្វើពលីកម្ម ដ៏ធំធេងក្នុងការរំដោះប្រទេសជាតិ និងបានផ្តួលរំទប់ស្កាត់ ការវិលត្រឡប់ឡើងវិញនៅរបបប្រល័យពូជសាសន៍ ប៉ុល​ ពត និងបានចូលរួមយ៉ាងសកម្មក្នុងចលនា បង្រួបបង្រួមជាតិ តាមរយៈនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ ប្រទេសជាតិពេញលេញ។

ឯកឧត្តម បានផ្តាំផ្ញើដល់បងប្អូនពេលវិលត្រឡប់ទៅមូលដ្ឋានវិញ ត្រូវធ្វើខ្លួនឲ្យក្លាយជាពលរដ្ឋដ៏ល្អ របស់សង្គមជាតិ ដោយត្រូវគោរពច្បាប់នានារបស់រដ្ឋឲ្យបានល្អ ខិតខំបំពេញការងារបង្ករបង្កើនផល និងប្រកប របររកស៊ីចិញ្ចឹមជីវិតប្រកប ដោយភាពសុច្ចរិត ចូលរួមគ្រប់សកម្មភាពសង្គម ជាពិសេស ត្រូវចូលរួមចុះ ឈ្មោះបោះឆ្នោត និងត្រូវទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក បាននាំយកនូវថវិកាជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជការកងទ័ពជើងគោក ជូនចំពោះយោធិនដែលត្រូវដាក់ឲ្យចូល សោធននិវត្តន៍ទាំងអស់ ក្នុងម្នាក់ៗចំនួន ២០ម៉ឺនរៀល និង វត្ថុអនុស្សាវរីយ៍ មួយចំនួនជាអំណោយរបស់ ឯកឧត្តម មេបញ្ជាការ យោធភូមិភាគទី៤ ផងដែរ៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top