Computer man Computer man
ព័ត៏មានជាតិ

អភិបាលខេត្ត​កែប អញ្ចើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៦៥ម៉ែត្រ នៅសង្កាត់កែប ក្រុងកែប


ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ​ អភិបាលខេត្ត​កែប នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២​ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៦៥ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប កម្មវិធី​នេះ​ ក៏បានការអញ្ចើញចូលរួមពី​ លោក​ លោកស្រី​ អភិបាលរងខេត្ត​ តំណាងកងកម្លាំង​ទាំងបី​ ប្រធាន​ អនុប្រធាន​មន្ទីរ​អង្គភាពជុំវិញខេត្ត​ នាយក​ នាយិកា​ ទីចាត់ការ​ចំណុះសាលាខេត្ត​ អាជ្ញាធរ​ក្រុង​ សង្កាត់​ ភូមិ​ និងបងប្អូន​ប្រជាពលរដ្ឋ​ជាច្រើនរយនាក់។

បើតាមរបាយការណ៍របស់លោក ខេង យ័ន អភិបាលក្រុងកែប​ បានអោយដឹងថា ក្នុងអាណត្តិទី៣​ របស់ក្រុមប្រឹក្សាក្រុង រដ្ឋបាលក្រុង​ បានកសាងផ្លូវបេតុងអាមេចំនួន៣ ខ្សែប្រវែង ១០២៦ម៉ែត្រ ដែលប្រើបាស់មូលនិធិអភិវឌ្ឍន៍ឆ្នាំ២០១៩ ឆ្នាំ២០២០​ និងឆ្នាំ២០២១ សរុបថវិកាអស់ចំនួន ៤៩៦.៣៣៨.១៤៦រៀល ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

មានប្រសាសន៍សំណេះសំណាល​នឹងផ្ដាំផ្ញើរ នាឱកាសនោះ​ ឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ បានលើកឡើងថា សមិទ្ធផលដែលយើងទទួលបានជាបន្ដបន្ទាប់នេះ កើតឡើង ដោយសារប្រទេសជាតិរបស់យើង នៅតែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យយើងមានឱកាសគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ក៏ដូចជាសេដ្ឋកិច្ចគ្រួសាររបស់យើងទាំងអស់គ្នា ឱ្យកាន់តែមានជីវភាពធូរធារសម្បូរសប្បាយ។​

ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ សូមចូលរួមសហការ​ និងបរិច្ចាគដីចំណីផ្លូវ ដើម្បីឱ្យផ្លូវមានលក្ខណៈធំទូលាយ មានសោភ័ណភាព និងមានសុវត្ថិភាពក្នុងការធ្វើដំណើរ​។​ ឯកឧត្ដម​បណ្ឌិត​ ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន​ និងបងប្អូនប្រជាពលរដ្ឋ​ ត្រូវចូលចូលរួម​សហការ​អនុវត្ត​នូវគោលនយោបាយភូមិឃុំ​ មានសុវត្តិភាព​ទាំង៧ចំណុច​ និងត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក អោយបានគ្រប់ៗគ្នា​ ដើម្បីធានាសុខសុវត្តិភាពរបស់បងប្អូន​ អំពីគ្រោះថ្នាក់ដែលកើតមានជា​យថាហេតុ៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top