Computer man Computer man
ព័ត៏មានជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន អនុញ្ញាតិឲ្យឯកអគ្គរាជទូតថ្មី នៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


ភ្នំពេញ៖​ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអនុញ្ញាតិឲ្យ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតថ្មី នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Peter Vernon មន្ត្រីទំនាក់ទំនង NCA ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

នៅក្នុងជំនួប ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានលើកឡើងពីកិច្ចសហប្រតិបត្តការដ៏ល្អកន្លងមករវាងផ្នែកស្ថានកុងស៊ុលនៃស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា និងនគរបាលជាតិកម្ពុជា ក៏ដូចជាមន្ត្រីនៃក្រសួងមហាផ្ទៃផងដែរ។

ឯកឧត្តម ក៏បានថ្លែងការកោតសរសើររាល់កិច្ចសហប្រតិបត្តិការតែងតែរក្សាបាននូវការគោរពសិទ្ធមនុស្ស ក្នុងនោះក៏បានបង្ហាញពីការប្តេជ្ញាចិត្តជាមួយនគរបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្សឆ្លងដែន ជាពិសេសបទល្មើសរំលោភផ្លូវភេទលើកុមារ ព្រមទាំងបានបញ្ជាក់អំពីការជួយគាំទ្រទាំងបទពិសោធន៍ និងការបណ្តុះបណ្តាលជំនាញដល់នគរបាលជាតិកម្ពុជាបន្តទៀតផងដែរ។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តការរវាងទីភ្នាក់ងារជាតិ NCA ជាមួយនិងនគរបាលជាតិកម្ពុជាផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដែលផ្តល់ដោយ NCA ពាក់ព័ន្ធនិងការបណ្តុះបណ្តាលមន្ត្រី ការផ្តល់អាហាររូបករណ៍ដល់មន្ត្រីនគរបាលជាតិកម្ពុជា ទៅសិក្សានៅប្រទេសអង់គ្លេស ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការបានល្អ ស្របតាមខ្លឹមសារអនុស្សរណៈ នៃការយោគយល់គ្នា និងការផ្តល់ជាមធ្យោបាយសម្ភារៈបច្ចេកទេសពាក់ព័ន្ធនិងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ សង្ឃឹមថាភាគីទាំងពីរនិងបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានលទ្ធផលល្អបន្ថែមទៀត។

ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ក៏បានថ្លែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលជាប្រធានអនុគណៈម្មការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះ ដែលបានការពារបានយ៉ាងល្អជូនគណៈប្រតិភូកំពូល ក្នុងអំឡុងពេល នៃការអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ានកំពូលលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាប្រធាន​ និងបានបញ្ជាក់អំពីការរីករាយស្វាគមន៍ចំពោះការត្រៀមរៀបចំMoU ថ្មី​ ដែលគ្រោងនឹងចុះហត្ថលេខាក្នុងឆ្នាំ២០២៣ខាងមុខ៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top