Computer man Computer man
ព័ត៏មានជាតិ

អង់គ្លេស សរសើរកម្ពុជា ដែលការពារសន្តិសុខសុវត្ថិភាព ជូនគណៈប្រតិភូមកចូលរួម កិច្ចប្រជុំកំពូលអាស៊ាន បានយ៉ាងល្អ


ភ្នំពេញ៖ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតថ្មី នៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា បានថ្លែងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលការពារបានយ៉ាងល្អជូនគណៈប្រតិភូកំពូល ក្នុងអំឡុងពេល នៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួប ឯកឧត្តម Dominic Williams និងលោក Peter Vernon មន្ត្រីទំនាក់ទំនង NCA ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានលើកឡើងពីកិច្ចសហប្រតិបត្តការដ៏ល្អកន្លងមករវាងផ្នែកស្ថានកុងស៊ុលនៃស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា និងនគរបាលជាតិកម្ពុជា ក៏ដូចជាមន្ត្រីនៃក្រសួងមហាផ្ទៃផងដែរ។

ឯកឧត្តម ក៏បានថ្លែងការកោតសរសើររាល់កិច្ចសហប្រតិបត្តិការតែងតែរក្សាបាននូវការគោរពសិទ្ធមនុស្ស ក្នុងនោះក៏បានបង្ហាញពីការប្តេជ្ញាចិត្តជាមួយនគរបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្សឆ្លងដែន ជាពិសេសបទល្មើសរំលោភផ្លូវភេទលើកុមារ ព្រមទាំងបានបញ្ជាក់អំពីការជួយគាំទ្រទាំងបទពិសោធន៍ និងការបណ្តុះបណ្តាលជំនាញដល់នគរបាលជាតិកម្ពុជាបន្តទៀតផងដែរ។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តការរវាងទីភ្នាក់ងារជាតិ NCA ជាមួយនិងនគរបាលជាតិកម្ពុជាផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដែលផ្តល់ដោយ NCA ពាក់ព័ន្ធនិងការបណ្តុះបណ្តាលមន្ត្រី ការផ្តល់អាហាររូបករណ៍ដល់មន្ត្រីនគរបាលជាតិកម្ពុជា ទៅសិក្សានៅប្រទេសអង់គ្លេស ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការបានល្អ ស្របតាមខ្លឹមសារអនុស្សរណៈ នៃការយោគយល់គ្នា និងការផ្តល់ជាមធ្យោបាយសម្ភារៈបច្ចេកទេសពាក់ព័ន្ធនិងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ សង្ឃឹមថា ភាគីទាំងពីរនិងបន្តកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែមានលទ្ធផលល្អបន្ថែមទៀត។

ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ក៏បានថ្លែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលជាប្រធានអនុគណៈម្មការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះ ដែលបានការពារបានយ៉ាងល្អជូនគណៈប្រតិភូកំពូល ក្នុងអំឡុងពេល នៃការអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ានកំពូលលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាប្រធាន​ និងបានបញ្ជាក់អំពីការរីករាយស្វាគមន៍ចំពោះការត្រៀមរៀបចំMoU ថ្មី​ ដែលគ្រោងនឹងចុះហត្ថលេខាក្នុងឆ្នាំ២០២៣ខាងមុខ៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top