Computer man Computer man
ព័ត៏មានជាតិ

ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការបោសសម្អាតមីន បូករួមជាមួយនឹងការអភិវឌ្ឍយ៉ាងលឿន កម្ពុជាបានប្រែក្លាយពី «ដីមីន» ទៅជា «ដីមាស»


ភ្នំពេញ៖ ឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ការបោសសម្អាតមីនមនុស្សធម៌ទ្រង់ទ្រាយធំ បូករួមជាមួយនឹងការអភិវឌ្ឍយ៉ាងលឿននេះ ប្រទេសកម្ពុជាបានប្រែក្លាយពី «ដីមីន» ទៅជា «ដីមាស» ។

ថ្លែងក្នុងពិធីប្តូរឈ្មោះរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងការប្រមូលថវិកាជួយដល់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន នាថ្ងៃទី១៧ ខែវិច្ឆិកា ឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការបោសសម្អាតមីនមនុស្សធម៌ទ្រង់ទ្រាយធំនៅកម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩២ មកម្លេះ ។ ក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ កម្ពុជាបានរកឃើញ និង បំផ្លាញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់ ។ ជាមួយនឹងការអភិវឌ្ឍដ៏លឿននេះ យើងបានប្រែក្លាយ «ដីមីន» ទៅជា «ដីមាស» ។

ឯកឧត្តមឧត្ដមសេនីយ៍ឯក បន្ថែមថា ជាក់ស្តែង, តំបន់អតីតសមរភូមិជាច្រើន បានប្រែក្លាយទៅជាដីកសិកម្មដ៏មានជីជាតិ, ទៅជាដីភូមិឋានដ៏មានសុភមង្គល, ជាដីតំបន់អភិវឌ្ឍរោងចក្រ និងជាដីតំបន់ឧស្សាហកម្មដ៏មានសក្តានុពលដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ឯកឧត្តមថា ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ ក៏បានអនុញ្ញាតឱ្យបុត្រាបុត្រី ក្មួយៗរាប់ម៉ឺននាក់ អាចចូលសាលារៀន ដោយក្តីសប្បាយរីករាយ, មិនមានក្តីកង្វល់ពីសុវត្ថិភាព, មិនខ្វល់ខ្វាយពីអាយុជីវិត ឬការឈឺចាប់ពីគ្រាប់មីន ។

ឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ទោះជាមានកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍យ៉ាងណាក៏ដោយ, ក៏កម្ពុជានៃយើងនៅសល់ផ្ទៃដីប្រមាណ ២.០០០ គីឡូម៉ែត្រក្រឡា ដែលមិនទាន់បានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងស្រុង ។

ឯកឧត្តមឧត្ដមសេនីយ៍ឯក ថ្លែងថា ជាមួយនឹងបេសកកម្មបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់, កម្ពុជាបានប្តេជ្ញាចិត្តថានឹងសម្រេចឱ្យបាននូវចក្ខុវិស័យ «កម្ពុជា​មួយគ្មានមីន ឆ្នាំ២០២៥», តាមរយៈ «គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន» ជាមួយមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តី ជាប្រធាន និងដឹកនាំគ្រប់គ្រង ក្រោមកិច្ចសម្របសម្រួលដោយ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការដោយសារមីន (CMAA) និងមានការគាំទ្រពីកងយោធពលខេមរភូមិន្ទ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា ផ្សេងទៀត ។

ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានអរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានផ្តល់ការទុកចិត្ត និងជ្រើសរើសយកកម្ពុជាជាគោលដៅក្នុងការវិនិយោគ និងពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីភាពចម្រុងចម្រើនទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។ លើលពីនេះ ក៏ជាការរួមចំណែកក្នុងការកាត់បន្ថយនូវភាពក្រីក្រតាមរយៈការបង្កើតឱកាសការងារ ដើម្បីជួយលើកកម្ពស់ដល់ជីវភាពផ្ទាល់របស់ប្រជាពលរដ្ឋ មានជាអាទិ៍ ការទទួលបានបៀវត្សដើម្បីចិញ្ចឹមជីវិត និងក្រុមគ្រួសារ ការគាំពារសុខុមាលភាពល្អប្រសើរ និងភាពចម្រុងចម្រើនជាលំដាប់ ៕

 


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top