Computer man Computer man
ព័ត៏មានជាតិ

រដ្ឋមន្រ្តីទេសចរណ៍ ថ្លែងអំណរគុណដល់ AFD ដែលបានជួយចូលរួមអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា


ភ្នំពេញ៖​ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណដល់ AFD ដែលបានជួយចូលរួមអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេស បានផ្ដល់ហិរញ្ញប្បទានឥតសំណង ១,៥លានអឺរូ ដល់ ការពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍។

នៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Boucher Sandrine ដែលទទួលបានការតែងតាំងជានាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ( AFD) នៅរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ថោង ខុន បានជម្រាបជូនលោកស្រី នាយិកាអំពីស្ថានភាពទេសចរណ៍ប្រទេសកម្ពុជា គោលនយោបាយ និងផែនការយុទ្ធសាស្ត្រនានា ក្នុង ការអភិវឌ្ឍន៍វស័យទេសចរណ៍កម្ពុជា ផលប៉ះពាល់នៃវិបត្តិកូវិដ-១៩ និងវិធានការនានារបស់រដ្ឋាភិបាល ក៏ដូចជា ក្រសួងទេសចរណ៍ក្នុងការទប់ស្កាត់វិបត្តិ បង្កើតភាពធន និងការស្តារឡើងវិញក្រោយវិបត្តិ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ AFD ដែលបានជួយចូលរួមអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេស បានផ្ដល់ហិរញ្ញប្បទានឥតសំណង ១,៥លានអឺរូ ដល់ ការពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP)និងផ្តល់កម្ចីហិរញ្ញប្បទាន ចំនួន១១ លានអឺរ៉ូ (ប្រហែល១២ លានដុល្លា)ដល់គម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ (VST)ចំនួនពីរទីតាំង គឺនៅភ្នំពេញ និងខេត្តព្រះសីហនុ។

គួរបញ្ជាក់ផងដែរ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ គ្រោងនឹងបើកការដ្ឋានសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រីនាយិកាបានថ្លែងអំគុណដល់ឯកឧត្តមរដ្ឋមន្ត្រីនិងកោតសរសើរដល់ប្រទេសកម្ពុជាដែលមានធនធានវប្បធម័ បេតិកភ័ណ្ឌពិភពលោកទាំងរូបី អរូបីទាក់ទាញ ធនធានធម្មជាតិសម្បូរបែប ជាពិសេសមានប្រជាជនកម្ពុជាដែលមានភាពរស់រាយរាក់ទាក់ មានបដិសណ្ឋាកិច្ចល្អប្រពៃដែលទាំងនេះ គឺជាសក្តានុពលដ៏ថ្លៃថ្លាសម្រាប់ការអភិវឌ្ឍន៍ និងជឿជាក់ថាវិស័យទេសចរណ៍កម្ពុជានឹងងើបឡើងយ៉ាងឆាប់រហ័ស។

លោកស្រីក៏បានសំដែងការកោតសរសើរ និងគាំទ្រដល់ក្រសួងទេសចរណ៍ដែលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងគោលនយោបាយនានាសម្រាប់ការស្តារ និងឡើងស្តួយអភិវឌ្ឍវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិកូវិដ-១៩ ជាពិសេស AFD បន្តគាំទ្រដល់ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពទាំងស្ថាប័ន និងបុគ្គលិកក្នុងវិស័យទេសចរណ៍ ដូចករណីការបង្កើតសាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅភ្នំពេញ និងនៅខេត្តព្រះសីហនុ ហើយ AFD អាចនឹងបន្តជួយក្នុងការបង្កើតសាលាជាតិនេះនៅតាមបណ្តាខេត្តសក្តានុពលដ៏ទៃទៀត៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top