Computer man Computer man
ព័ត៏មានជាតិ

អាជ្ញាធរជាតិអប្សរា បិទវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាក្របីរៀល


ភ្នំពេញ៖​ បន្ទាប់ពីដំណើរការបង្រៀនអស់រយៈពេល៧ខែកន្លងមក នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ សិស្សានុសិស្សចំនួន១៨២នាក់ នៃសាលាបឋមសិក្សាក្របីរៀល បានបញ្ចប់ដោយជោគជ័យនូវ វគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌ។

លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាលនិងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងឱកាសនោះថា គម្រោងអប់រំបេតិកភណ្ឌសម្រាប់កុមារ ដែលរួមសហការដោយអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ នៅសាលាបឋមសិក្សាក្របីរៀលនេះ បានផ្តល់ឱកាសឱ្យកុមារដែលកើត រស់នៅ និងសិក្សា ក្នុងតំបន់បេតិកភណ្ឌបានដឹងថា ខ្លួនកំពុងរស់នៅក្នុងតំបន់ដែលពិសេសជាងគេ ហើយទទួលមរតកដ៏ធំធេងពីបុព្វបុរស ដែលត្រូវបន្តថែរក្សា និងការពារបេតិកភណ្ឌជាតិរបស់ខ្លួន។

លោកបន្តថា បន្ទាប់ពីទទួលបានជោគជ័យលើវគ្គបណ្តុះបណ្តាលនេះ គោលដៅបន្តអាជ្ញាធរជាតិអប្សរា នឹងឈានទៅបន្តបើកវគ្គបណ្តុះបណ្តាលឡើងវិញ នៅសាលាបឋមសិក្សា និងវិទ្យាល័យក្នុងស្រុកប្រាសាទបាគង។ បន្ថែមពីនេះ អាជ្ញាធរជាតិអប្សរាកំពុងតែសហការជាមួយមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ខេត្តសៀមរាប បណ្តុះបណ្តាលគ្រូបង្គោល ដើម្បីបន្តទៅបណ្តុះបណ្តាលសិស្សានុសិស្សនៅតាមសាលារៀនរបស់ខ្លួន។

សូមជម្រាបផងដែរថា កម្មវិធីអប់រំបេតិកភណ្ឌ សម្រាប់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាក្របីរៀល មានរយៈពេល៧ខែ ដោយចាប់ផ្តើមពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ មានសិស្សចូលរៀនសរុបចំនួន១៨២នាក់ មកពីថ្នាក់ទី៥ ចំនួន២ថ្នាក់ និងថ្នាក់ទី៦ ចំនួន២ថ្នាក់ រួមទាំងគ្រូទទួលបន្ទុកចំនួន៤នាក់។ ដោយបង្រៀនក្នុងថ្នាក់ពេលព្រឹករយៈពេល២ម៉ោង និងរសៀល២ម៉ោង នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ សរុបបង្រៀនក្នុងថ្នាក់បានចំនួន៤៨ម៉ោង និងបង្រៀនតាមរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និងសារមន្ទីរ បានចំនួន១២ម៉ោង៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top