Computer man Computer man
ព័ត៏មានជាតិ

លោកជំទាវ ហ៊ុន កុសនី អញ្ជើញប្រកាសចូលកាន់មុខតំណែង នាយករដ្ឋបាល និងអភិបាលរង នៃគណៈអភិបាលក្រុងតាខ្មៅ


ភ្នំពេញ៖ លោក ចាន់ សុវណ្ណតារា និងលោកស្រី ផាន អាស៊ីម៉ា ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងតាខ្មៅ និងលោក ជឿន វិចិត្រ ប្រកាសចូលកាន់មុខតំណែងមាននាយករដ្ឋបាលក្រុងតាខ្មៅ ដែលពិធីប្រកាសនេះ បានរៀបចំឡើងនៅសាលាក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតី លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល។

ថ្លែងក្នុងពិធីនេះ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការតែងតាំង ផ្លាស់ប្ដូរបញ្ចប់ភារកិច្ច គឺជារឿងធម្មតារបស់រាជការមុខងារសាធារណៈ ហើយកិច្ចការដែលសំខាន់ សម្រាប់មន្ត្រីដែលតែងតាំងថ្មីនោះគឺ ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងមានការទទួលខុសត្រូវខ្ពស់ ត្រូវយកចំណេះដឹង សមត្ថភាព និងបទពិសោធន៍ដែលមានពីមុនមក ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍ក្រុងតាខ្មៅឱ្យកាន់តែរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

លោកជំទាវបានមានប្រសាសន៍ថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការដឹកនាំ និងការគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាល បានសិក្សារៀបចំច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងកែសម្រួលចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើន ធនធានមនុស្សក្នុងជួរគណៈអភិបាលដែលជាអង្គប្រតិបត្តិ ឱ្យមានចំនួនសមស្របតាមស្ថានភាពនៃកំណើន សេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្ត្រនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។

លោកជំទាវបានបន្តថា ផ្អែកលើមូលដ្ឋាននៃវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញអនុក្រឹត្យលេខ ១១៩ អនក្រ.បក ស្ដីពីការកំណត់ចំនួន គណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ ដែលតាមស្មារតីនៃអនុក្រឹត្យនេះ សម្រាប់ខេត្តកណ្ដាលរាជរដ្ឋាភិបាលបានសម្រេចបន្ថែមអភិបាលរងខេត្តចំនួន ០៤រូប និងក្រុង ស្រុកនីមួយៗនៃខេត្តកណ្តាល បន្ថែមអភិបាលរងក្រុង ស្រុកចំនួន ០២រូប ផងដែរ ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top