Computer man Computer man
ព័ត៏មានជាតិ

ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អញ្ជើញបើកប្រាក់គោលនយោបាយ១ លើកដំបូង ជូនយោធិនចូល សោធននិវត្តន៍ កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣


ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការ គោលនយោបាយយោធិន ពលី មរណៈបង្កស្លាប់ បាត់ខ្លួន ពិការ និងសោធននិវត្តន៍ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ បានអញ្ជើ បើកប្រាក់គោលនយោបាយ ជូនយោធិនចូល សោធននិវត្តន៍ ចំនួន ៨៦រូប របស់កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ តាមផែនការឆ្នាំ២០២២។

ក្នុងឱកាសនោះដែរ ត្រូវបានទទួលស្វាគមន៍ពីឧត្តមសេនីយ៍ត្រី ហ៊ីម ហាប់ មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣។
ថ្លែងក្នុងពិធី ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ បានពន្យល់អំពីច្បាប់ និងគោលរបប នីតិវិធីក្នុងការបើកប្រាក់ ស្ដីពីរបបគោលនយោបាយ ចំពោះយោធិនចូលសោធននិវត្តន៍ យោធិនពលី មរណៈ និងយោធិនពិការ។

ឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានលើកអំពីវីរៈភាព របស់យោធិនយើង ដែលកន្លងមក បានបម្រើក្នុងជួរកងទ័ព ដើម្បីជាតិមាតុភូមិ ខ្លះត្រូវបានពលី និងខ្លះទៀតត្រូវធ្លាក់ខ្លួនពិការ និងយោធិនមួយចំនួន ដល់អាយុកាលចូលសោធននិវត្តន៍ ហើយត្រូវទទួលបាន បើកប្រាក់គោលនយោបាយ នាពេលនេះ ជាការឆ្លើយតប និងដឹងគុណពីសំណាក់ថ្នាក់ដឹកនាំ គ្រប់ថ្នាក់ ជាពិសេសក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងការយកចិត្តិទុកដាក់ខ្ពង់ខ្ពស់បំផុត របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក ដែលតែងតែគិតគូ ពីសុខទុក្ខរបស់កងទ័ពជានិច្ច និងលើកទឹកចិត្តដល់ កងយោពលខេមរភូមិន្ទ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងការអភិវឌ្ឍន៍លើគ្រប់វិស័យ បង្កើតបាននូវភាពស្និទ្ធស្នាល និងកាន់តែមានភាពកក់ក្ដៅថែមទៀត ទាំងស្មារតី សម្ភារៈ ថវិកា ចំពោះក្រុមគ្រួសារយោធិនពលី មរណៈ យោធិនពិការ សោធននិវត្តន៍ អតីតយុទ្ធជន ក៏ដូចជាគោលនយោបាយ សម្ភារៈ ថវិកាយ៉ាងសន្ធឹកសន្ធាប់ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដល់អាយុកាលចូលសោធននិវត្តន៍ ។ហើយបងប្អូន ត្រូវផ្ទេរជីវភាពបើកបន្ត នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រហូតអស់មួយជីវិត។

ក្នុងពិធីនេះដែរ ឧត្តមសេនីយ៍ឯក សំ ចាន់ធួន សង្ឃឹមថា បងប្អូនទាំងអស់ នៅពេលបានបើកប្រាក់គោលរបបបានហើយ សូមបងប្អូនយកទៅប្រើប្រាស់អោយមានប្រយោជន៍ និងបង្កើនជីវភាពគ្រួសារឱ្យមានភាពរីកច្រើន ដើម្បីផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗដើម្បីបន្តវេន និងរួមគ្នាជាមួយរាជរដ្ឋាភិបាល មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រមុខដឹកនាំប្រកបដោយកិត្តិបណ្ឌិត ដើម្បីកសាង និងអភិវឌ្ឍន៍ ប្រទេសកម្ពុជានៃយើងរីកចម្រើនរុងរឿងលើគ្របវិស័យ ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top