Computer man Computer man
ព័ត៏មានជាតិ

ប្រជាកសិករសាទរចំពោះការនាំចេញម្រេចកម្ពុជា ទៅប្រទេសចិន



ប្រជាកសិករដាំដំណាំម្រេចបានបង្ហាញពីទឹកចិត្តត្រេកអរជាខ្លាំង ពេលដឹងដំណឹងថា ភាគីចិនបានសម្រេចឲ្យនាំម្រេចចូលម្រេច ទៅទីផ្សាប្រទេសចិន ដោយផ្ទាល់ សប្បាយចិត្តខ្លាំងព្រោះរំពឹងថា តម្លៃម្រេចនឹងភាពល្អប្រសើរឡើងវិញ ហើយក៏សង្ឃឹមថា ដំណើរការនៃការនាំចេញ ទៅទីផ្សាចិននឹងកើតមាន ឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ វិច្ឆិកា ២០២២ ស្ថានទូតចិនប្រចាំកម្ពុជាបានប្រកាសថា «រដ្ឋបាលគយប្រទេសចិនបានចេញសេចក្តីប្រកាស ស្តីអំពីលក្ខខណ្ឌតម្រូវការភូតគាមអនាម័យសម្រាប់ការនាំចូលម្រេចកម្ពុជា ទៅកាន់ប្រទេសចិន។ ក្នុងសេចក្តីប្រកាសបង្ហាញទៀតថា យោងតាមច្បាប់បទប្បញ្ញត្តិពាក់ព័ន្ធក្នុងប្រទេសចិន និងបទប្បញ្ញត្តិរវាងរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទនៃព្រះរាជាណាចក្រកម្ពុជាស្តីពីលក្ខខណ្ឌតម្រូវការភូតគាមអនាម័យ សម្រាប់ការនាំចូលម្រេចកម្ពុជា ទៅកាន់ប្រទេសចិន បានឱ្យដឹងថា ចាប់ពីថ្ងៃនៃការប្រកាសតទៅ អនុញ្ញាតនាំចូលតែម្រេចកម្ពុជាដែលសមស្របនឹងលក្ខខណ្ឌតម្រូវការ»។
ពេលដែលបានដឹងដំណឹងនេះ លោក ទិត វន ដែលជាម្ចាស់ចំការម្រេចមួយកន្លែង មានទំហំដាំដំណាំម្រេចប្រមាណកន្លះហិចតា ក្នុងខេត្តកំពត បានប្រាប់វិទ្យុមិត្តភាពមិត្តភាពកម្ពុជា-ចិនថា នេះគឺជាដំណឹងដ៏ល្អ ដែលលោកសប្បាយចិត្តណាស់ពេលបានដឹង ហើយលោកសង្ឃឹមថា នឹងមានក្រុមហ៊ុនចិនមកវិនិយោគឬ មកជួយទិញម្រេចរបស់លោក នាំចេញទៅប្រទេសចិន ក្នុងពេលឆាប់ៗខាងមុខនេះ។ លោកក៏ជឿជាក់ថា ប្រជាកសិករនឹងមានជីវភាពកាន់តែធូរធា តាមរយៈការនាំម្រេចចូលទៅទីផ្សាប្រទេសចិន ដោយផ្ទាល់បែបនេះ។
«ខ្ញុំក៏សូមសំណូមពរដល់ភាគីចិន ទិញឆាប់ៗ អាចឆ្នាំក្រោយនេះ ហើយបើនិយាយពីគុណភាពវិញ ម្រេចកំពតហិលល្អ ហើយធ្ងន់ ពេលនាំទៅភ្នំពេញអី គេសរសើរថា ម្រេចកំពតមានគុណភាពហិលល្អ និងធ្ងន់ជាងគេ.. ខ្ញុំក៏សប្បាយចិត្តដែរ ពេលដឹងថា ក្រុមហ៊ុនចិននាំចេញទៅ សប្បាយចិត្តខ្លាំង ដែលធ្វើឲ្យកសិករធូរធា ខ្ញុំក៏សូមអរគុណណាស់»។
លោក ទិត វន ដែលក៏ជាសមាជិក នៃសមាគមម្រេចកំពតដែរនោះ បានប្រាប់បន្ថែមថា ចំការម្រេចរបស់លោកមានទីតាំងស្ថិតនៅភូមិអង្គរជ័យទី២ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកថា ចំការទំហំប្រមាណកន្លះហិចតានេះ អាចប្រមូលផលបាន ចន្លោះពី៣០០ ទៅ៤០០គីឡូក្រាម កាលពីឆ្នាំមុន ប៉ុន្តែឆ្នាំនេះអាចថយចុះបន្តិច ហើយតម្លៃវិញក៏ធ្លាក់ចុះដែរ ដោយលោកថា ម្រេចមួយគីឡូ អាចលក់បានចន្លោះពី ៣ម៉ឺន ឬ ៤ម៉ឺនរៀល ជាតម្លៃមួយធ្លាក់ចុះ បើធៀបនឹង កាលពីប៉ុន្មានឆ្នាំមុន ដូច្នេះ លោកសង្ឃឹមថា មានតម្លៃល្អប្រសើរឡើងវិញ។ លោកបានបញ្ជាក់បន្ថែមថា ក្រុមការងារសមាគមម្រេចកំពតតែងតែមកបាញ់ថ្នាំធម្មជាតិ មិនប្រើប្រាស់គីមីនោះទេ ដែលធ្វើឲ្យគុណភាពម្រេចរបស់លោក កាន់តែល្អប្រសើរ។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៩មក កសិផលកម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន មានជាបន្តបន្ទាប់រួមមានចេក ស្វាយ ត្រីប្រា ពោត និងមៀន។ បច្ចុប្បន្ន ភាគីទាំងពីរកំពុងជំរុញពន្លឿនការនាំចេញកសិផលកម្ពុជា ទៅកាន់ប្រទេសចិនបន្ថែមទៀត រួមមានដូចជាម្រេច ជលផល សំបុកត្រចៀកកាំ ដូង ។ល។
នៅកម្ពុជា មានផ្ទៃដីចម្ការម្រេចប្រហែល ៦០០០ ហិកតា នៅខេត្តចំនួន ១៨ ដែលក្នុងនោះ ចម្ការម្រេចមានច្រើននៅខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី នេះបើតាមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top