Computer man Computer man
ព័ត៏មានជាតិ

កម្ពុជា និងអង្គការ UNICEF បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជិតស្និទ្ធថែមទៀត


ភ្នំពេញ៖ “អង្គការ UNICEF បានអះអាងអំពីការបន្តផ្តល់ការគាំទ្រ និងជំនួយរបស់ខ្លួនដល់កម្ពុជា” នេះជាការបញ្ជាក់របស់ លោក William Parks តំណាងតែងតាំងថ្មីនៃអង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ប្រចាំកម្ពុជា នៅក្នុងឱកាសប្រគ​ល់​លិខិតសារតាំងជូន ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ឯកឧត្តម រដ្ឋមន្រ្តីស្តីទី បានសម្តែងការស្វាគមន៍ និងបានអះអាងចំពោះប្រេសិតថ្មីអំពីការគាំទ្រយ៉ាងពេញទំហឹ​ង​រប​ស់​រាជរដ្ឋាភិបាលកម្ពុជា ចំពោះរូបលោកនិងក្រុមការងាររបស់លោក ក្នុងការបំពេញការងារដ៏សំខាន់របស់អង្គការ UNICEF នៅកម្ពុជា។ បន្ថែ​ម​ទៀត ឯកឧត្តម រដ្ឋមន្រ្តីស្តីទី បានរំលឹកពីប្រវត្តិដ៏យូរលង់នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ UNICEF ជាពិសេស ការផ្តល់ជំនួយក្រោ​យ​ពីការដួលរលំរបបខ្មែរក្រហម ដែលជំនួយនេះបានរួមចំណែកបន្ធូរការលំបាក​នានារបស់ប្រជាជនកម្ពុជានាពេលនោះ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះគ​ម្រោងរបស់អង្គការ UNICEF លើវិស័យអប់រំ សុខភាពនិងអាហារូបត្ថម្ភ កិច្ចការពារកុមារ ទឹកស្អាតនិងអនាម័យ ព្រមទាំងគោលនយោបាយនិងហិរញ្ញប្បទានសាធារណៈសម្រាប់កុមារ។ កិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗរបស់អង្គការ UNICEF ក្នុងការជួយដល់សុខុមាលភាពកុមារ និងក្រុ​ម​គ្រួសាររបស់ពួកគេ ក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងជំនួយក្នុងការបើ​ក​សាលារៀនឡើងវិញប្រកប​ដោ​យ​​សុវត្ថិភាព ក៏ត្រូវបានទទួលស្គាល់ផងដែរ ។

លោក William Parks មានការភ្ញាក់ផ្អើលចំពោះការវិវត្តរីកចម្រើនយ៉ាងខ្លាំងរបស់កម្ពុជានាពេលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹងពេ​ល​ដែលលោកធ្លាប់បានមកដល់កម្ពុជា នៅឆ្នាំ២០០២។ ជាមួយនឹងការកោតសរសើរពីកិច្ចសហប្រតិបត្តិការរឹងមាំរវាងកម្ពុជា និង អង្គការ UNICEF លោកក៏បានអះអាងពីការប្តេជ្ញាចិត្តក្នុងការថែរក្សាទំនាក់ទំនងនេះ ហើយនឹងបន្ត​ធ្វើកិច្ចការ​យ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់លើវិស័យដែលបានគូសបញ្ជាក់ខាងលើ។

ជាទីបញ្ចប់ ភាគីទាំងពីរបានអះអាងជាថ្មីម្តងទៀតអំពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងអង្គការ UNICEF៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top