Computer man Computer man
ព័ត៏មានជាតិ

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ជួបពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍ជាមួយគណៈប្រតិភូក្រសួងសន្ដិសុខសាធារណៈឡាវ


ភ្នំពេញ​៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានទទួលជួបពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៍ការងារជាមួយគណៈប្រតិភូខុទ្ទកាល័យ នៃក្រសួងសន្ដិសុខសាធារណៈឡាវ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុមវ៉ាន់ សាយឡនហ្វា នាយកខុទ្ទកាល័យ នៃក្រសួងសន្ដិសុខសាធារណៈឡាវ ជំនួបពិភាក្សានេះធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុមវ៉ាន់ សាយឡនហ្វា នាយកខុទ្ទកាល័យ នៃក្រសួងសន្ដិសុខសាធារណៈឡាវ ព្រមទាំងប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ ជឿជាក់ថា ជំនួបថ្ងៃនេះនឹងផ្ដល់ឱកាសឱ្យភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ការងារគ្នាទៅវិញទៅមក និងលើកឡើងនូវកិច្ចការនានានៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្ដិសុខសាធារណៈឡាវ និយាយជារួម និងជាពិសេស រវាងអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃកម្ពុជា ជាមួយខុទ្ទកាល័យនៃក្រសួងសន្ដិសុខសាធារណៈឡាវ។

ផ្អែកលើការផ្លាស់ប្ដូរបទពិសោធន៍ការងារនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ បានសម្ដែងនូវការកត់សម្គាល់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាង ១ឆ្នាំចុងក្រោយនេះ ឃើញថាក្នុងឆ្នាំ២០២២កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានជួបពិភាក្សាការងារជាបន្ដបន្ទាប់ ទាំងក្នុងក្របខណ្ឌទេ្វភាគី និងអាស៊ាន ដែលបានជំរុញ និងលើកកម្ពស់ចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។

ទន្ទឹមនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ ក៏បានអបអរសារចំពោះការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ តែងជួយគាំទ្រគ្នាទៅវិញ ទៅមក ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ដើម្បីបុព្វហេតុរួម នៃសុខុមាលភាពរបស់ប្រជាជន នៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុមវ៉ាន់ សាយឡនហ្វា នាយកខុទ្ទកាល័យ នៃក្រសួងសន្ដិសុខសាធារណៈឡាវ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការធិការ ដែលបានអនុញ្ញាតឱ្យ ឯកឧត្តមផ្ទាល់ និងគណៈប្រតិភូ ចូលជួបពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍គ្នា ទៅវិញ ទៅមក រវាង ខុទ្ទកាល័យ នៃក្រសួងសន្ដិសុខសាធារណៈឡាវ និងអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ទោ នាយកខុទ្ទកាល័យ បានបន្ថែមថា ទោះបីយ៉ាងណាក៏ដោយ ឯកឧត្តម ក៏មានមោទកភាពយ៉ាងក្រៃលែង ដែលបានដឹកនាំគណៈប្រតិភូនៃខុទ្ទកាល័យក្រសួងសន្ដិសុខសាធារណៈឡាវ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ។ ឯកឧត្តមជឿជាក់ថា កិច្ចពិភាក្សា និងការផ្លាស់ប្ដូរបទពិសោធន៍នាពេលនេះ គឺជាកិច្ចការងារថ្មីមួយទៀត ដើម្បីរឹតចំណងមិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលអនាគតផងដែរ។

ជាថ្មីម្ដងទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានសម្តែងនូវការជឿជាក់ថា ដំណើរការទស្សនកិច្ចរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុមវ៉ាន់ សាយឡនហ្វា នាយកខុទ្ទកាល័យ នៃក្រសួងសន្ដិសុខសាធារណៈឡាវ និងគណៈប្រតិភូ នៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ នឹងរួមចំណែកធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាង អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត ក្នុងតួនាទីស្នូលជាសេនាធិការជូនថ្នាក់ដឹកនាំក្រសួងនៃប្រទេសទាំងពីរផងដែរ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top