Computer man Computer man
ព័ត៏មានជាតិ

កម្ពុជា-បារាំង ឯកភាពនឹងពិនិត្យឡើងវិញ លើការសិក្សាប្រព័ន្ធផ្លូវដែក លើផ្លូវថ្នល់ ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍


ភ្នំពេញ៖ កម្ពុជា-បារាំង បានឯកភាពនឹងពិនិត្យឡើងវិញ លើការសិក្សាប្រព័ន្ធផ្លូវដែក លើផ្លូវថ្នល់ (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ។

ការឯកភាពគ្នានេះធ្វើក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកតំណាងពិសេសរបស់រដ្ឋមន្ត្រីអឺរ៉ុប និងកិច្ចការបរទេស សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានយកឱកាសនេះជម្រាបជូនអង្គប្រជុំអំពីការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជា ក្រោមការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ ដែលនាំឱ្យកម្ពុជាមានសុខសន្តិភាពយ៉ាងពេញលេញ។

ថ្លែងក្នុងជំនួបនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការតភ្ជាប់ បណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស ជាពិសេសគម្រោងផ្លូវថ្នល់ ដែលបាន និងកំពុងធ្វើឱ្យប្រសើរឡើង ពីផ្លូវពីរគន្លង ទៅបួនគន្លង ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ(AC) និងធ្វើសមាហរណកម្មតភ្ជាប់ទៅគ្រប់ច្រកល្ហក ដើម្បីពង្រីកទំនាក់ទំនង និងវិសាលភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ នៅក្នុងក្របខណ្ឌទូទាំងប្រទេសឱ្យមានជីវភាពសំបូររុងរឿង និងមានការងារធ្វើគ្រប់ៗគ្នា។

រំលេចជាពិសេសនៅក្នុងជំនួបនាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបពីគម្រោងជាប្រវត្តិសាស្រ្ត ដែលកម្ពុជាទើបសម្រេចបានគឺ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងធំៗជាច្រើនដែលកំពុងសិក្សារួមមាន៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ជាដើម។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមាន៖ ផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវថ្នល់ ផែនការមេដឹកជញ្ជូនផ្លូវទឹក ផែនការដឹកជញ្ជូនតាមផ្លូវដែក ផែនការមេភស្តុភារកម្ម និងការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail និងបានស្នើឱ្យគណៈប្រតិភូបារាំង ពិនិត្យលទ្ធភាពឡើងវិញលើការសិក្សាប្រព័ន្ធផ្លូវដែក លើផ្លូវថ្នល់ (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

លោក François Corbin តំណាងពិសេសរបស់រដ្ឋមន្ត្រីអឺរ៉ុប និងគណៈប្រតិភូក្រុមហ៊ុនបារាំង ទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យដឹកជញ្ជូនសាធារណៈ ដែលបានអញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងារពេលនេះ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលព្យាយាមអភិវឌ្ឍការតភ្ជាប់ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ដូចសព្វថ្ងៃ។

កិច្ចប្រជុំនេះនឹងជួយពង្រីកនូវទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុនធំៗរបស់ប្រទេសបារាំង ដែលវិនិយោគលើគ្រប់វិស័យ រួមមានវិស័យធនាគារជាដើមឱ្យកាន់តែមានភាពជិតស្និទ្ធ ហើយក្នុងនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី និងក្រុមហ៊ុនធំៗរបស់បារាំងបានឯកភាពនឹងពិនិត្យឡើងវិញលើការសិក្សាប្រព័ន្ធផ្លូវដែក លើផ្លូវថ្នល់ (Tramways) ដើម្បីអាចមានលទ្ធភាពយកការសិក្សារួមគ្នានាពេលកន្លងមកអនុវត្តបន្ត។

គណៈប្រតិភូបារាំង បានចូលរួមមតិយ៉ាងផុសផុល និងបានផ្ដល់ចំណាប់អារម្មណ៍ក្នុងការដាក់ទុនវិនិយោគលើផ្លូវដែកល្បឿនលឿន និងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងប្រទេសកម្ពុជា ដែលនេះបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា និងបារាំង ឱ្យកាន់តែប្រសើរឡើងថែមទៀត៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top