Computer man Computer man
ព័ត៏មានជាតិ

អគ្គនាយកដ្ឋាន ក.ប.ប រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ»


ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» និងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ» ក្រោមអធិបតីភាពរបស់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការចូលរួមពី ឯកឧត្តម ហ៊ួរ មិថុនា អភិបាលរងខេត្តកែប និងលោកស្រី សេង ដាលីន ទីប្រឹក្សាសម្រាប់កិច្ចសាហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យឯកជន នៃទីភ្នាក់ងារ GIZ ។

សមាសភាពចូលរួមក្នុងសិក្ខាសាលាខាងលើនេះមានចំនួនប្រមាណ ១៥០ នាក់ ដែលជាតំណាងចូលរួមមកពី ម្ចាស់អាជីវករក្នុងខេត្តកែប សមាជិកសភាពាណិជ្ជកម្មខេត្តកំពត-កែប សភាពាណិជ្ជកម្មខេត្តកណ្តាល សភាពាណិជ្ជកម្មខេត្តតាកែវ អង្គភាពមន្ទីរជុំវិញខេត្តកែប ស្ថាប័នអយ្យការខេត្តកែប និងមន្រ្តីសាខា ក.ប.ប. រាជធានី-ខេត្ត ដែលរួមានខេត្តកែប ខេត្តកំពត តាកែវ កណ្តាល និងរាជធានីភ្នំពេញ។

សិក្ខាសាលានាថ្ងៃនេះ នឹងដើរតួជាវេទិកាមួយក្នុងការផ្សព្វផ្សាយ ដើម្បីបញ្រ្ជាបការយល់ដឹងដល់ភាគីពាក់ព័ន្ធ រួមមានធុរជន អ្នកប្រើប្រាស់ និងមន្រ្តីអនុវត្តច្បាប់ឱ្យបានទូលំទូលាយអំពីការអនុវត្ត និងអត្ថប្រយោជន៍នៃច្បាប់ទាំង៣ ជាពិសេសអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា ដែលរាជរដ្ឋាភិបាលទើបអនុម័តនាពេលថ្មីៗនេះ ក្នុងការជំរុញឱ្យមានការប្រកួតប្រជែងក្នុងពាណិជ្ជកម្មប្រព្រឹត្តទៅប្រកបដោយសមធម៌ ព្រមទាំងការធ្វើធុរកិច្ចដោយស្មោះត្រង់និងសុចរិត ការពារផលប្រយោជន៍និងសុខុមាលភាពរបស់អ្នកប្រើប្រាស់ ព្រមទាំងបង្ហាញពីបទល្មើសនិងទោសទណ្ឌក្រោមបទប្បញ្ញត្តិផងដែរ ដល់អ្នកចូលរួម។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលានាថ្ងៃនេះ គឺជាសិក្ខាសាលាលើកទី១ ក្នុងឆ្នាំ២០២៣ ពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា ហើយគ្រោងនឹងរៀបចំឡើងចំនួន ៥លើក បន្ថែមទៀតនៅទូទាំងប្រទេស តាមចង្កោមរាជធានី-ខេត្ត។

សូមរំលឹកថាក្នុងឆ្នាំ២០២២ កន្លងមកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ទាំង៣នេះ ត្រូវបានរៀបចំរួចហើយនៅទូទាំងប្រទេស ដោយអគ្គនាយកដ្ឋាន ក.ប.ប. និងទីភ្នាក់ងារ GIZ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top