Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សាសនាមានឥទ្ធិពលសកម្មនៅក្នុងសង្គមជាតិ និងសង្គមគ្រួសារ ក៏ដូចជាចំពោះបុគ្គលម្នាក់ៗ


ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សាសនាមានឥទ្ធិពលសកម្មនៅក្នុងសង្គមជាតិ និងសង្គមគ្រួសារ ក៏ដូចជាចំពោះបុគ្គលម្នាក់ៗ។

ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធសមិទ្ធផលនានា និងស្រោចស្រពព្រះសុគន្ធវារី នៅក្នុងវត្តធម្មវិបស្សនារាម ហៅវត្តតាភេម នាថ្ងៃទី១៦ ខែមីនា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះសមិទ្ធផលជាច្រើន ដែលកើតមានទ្បើងក្នុងទីអារាមដ៏ចំណាស់ក្នុងរាជធានីភ្នំពេញជាមួយនឹងអាយុកាលប្រមាណជាង ១៩០ ឆ្នាំ ដោយសមិទ្ធផលទាំងនេះបានកើតចេញសិល្បៈនៃការចែករំលែកដ៏ពិសិដ្ឋរបស់ខ្មែរ ដែលកំពុងត្រូវបានបន្តប្រកាន់ខ្ជាប់ និងប្រតិបត្តិយ៉ាងទូលំទូលាយ ដោយសារឱកាសនៃសុខសន្តិភាព និងស្ថិរភាព ព្រមជាមួយនឹងជីវភាពតែប្រសើរធូរធារបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិតបន្តថា វឌ្ឍនភាពនេះ ក៏មិនអាចកាត់ផ្តាច់បានពីការបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល ក្រសួងធម្មការ និងសាសនា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្រុមការងារចុះជួយមូលដ្ឋានគ្រប់យន្តការ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការកើនទ្បើងនៃចំនួនប្រជាពលរដ្ឋដែលគោរពប្រតិបត្តិសាសនា អាចជួយកាត់បន្ថយនូវបញ្ហាអវិជ្ជមាននានាក្នុងសង្គម, ពង្រឹងភាពសុខដុមរមនាក្នុងគ្រួសារ និងចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស។ ក្នុងន័យនេះ ទំនាក់ទំនងជិតស្និទ្ធរវាងការអប់រំផ្នែកសាសនា និងផ្នែកវិទ្យាសាស្ត្រ ចាំបាច់ត្រូវដើរទន្ទឹមគ្នា ដើម្បីធានាបាននូវការផលិតមូលធនមនុស្សគ្រប់ជំនាន់របស់កម្ពុជាប្រកបដោយចំណេះដឹង ជំនាញ និងគុណធម៌ ជាប្រយោជន៍ដល់ប្រទេសជាតិក្នុងការរក្សាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យ និងឈានទៅប្រកួតប្រជែងទាំងក្នុងកម្រិតតំបន់ និងសាកលលោក ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top