ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចូលអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានតស៊ូព្យាយាមហ្វឹកហ្វឺនរៀនសូត្រ និងអត់ធន់ជម្នះការលំបាករហូតបានបញ្ចប់វគ្គដោយជោគជ័យ។
ក្នុងឱកាសអញ្ជើញអញ្ជើញសម្ពោធសមិទ្ធផលនានា និងបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣៤, វគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជាជំនាន់ទី៦, វគ្គហ្វឹកហ្វឺនជំនាញឯកទេសមុជទឹកជំនាន់ទី៩ និងវគ្គហ្វឹកហ្វឺនជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ បានចូលអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានតស៊ូព្យាយាមហ្វឹកហ្វឺនរៀនសូត្រ និងអត់ធន់ជម្នះការលំបាករហូតបានបញ្ចប់វគ្គដោយជោគជ័យជាមួយនឹងលទ្ធផលគួរជាទីមោទនៈ ហើយសង្ឃឹមថាប្អូនៗនឹងប្រើប្រាស់ចំណេះដឹងទាំងផ្នែកទ្រឹស្តី និងការអនុវត្តទទួលបានពីវគ្គហ្វឹកហ្វឺន សម្រាប់យកទៅបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាពឱ្យកាន់តែមានប្រសិទ្ធភាព និងសូមកោតសរសើរចំពោះបញ្ជាការដ្ឋានទ័ពពិសេស, សាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់, គណៈគ្រប់គ្រងវគ្គ, ក្រុមយោធាចារ្យ និងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធ ដែលបានខិតខំយកចិត្តទុកដាក់សហការអនុវត្តការងារហ្វឹកហ្វឺនបានជាប់ជាប្រចាំដូចភ្លៀងរលឹម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍បញ្ជាក់ថា វគ្គហ្វឹកហ្វឺនទាំងនេះ គឺសុទ្ធតែជាវគ្គជំនាញសំខាន់ៗ ដែលបញ្ជាការដ្ឋានទ័ពពិសេសតែងបានរៀបចំឱ្យមានដំណើរការជាប់ជាប្រចាំរហូតមក ស្របតាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ ដើម្បីឆ្លើយតបទៅនឹងសំណូមពរភារកិច្ចរបស់អង្គភាពផ្ទាល់ និងបណ្តាកងឯកភាពនានាផងដែរ៕
