Computer man Computer man
ព័ត៏មានជាតិ

ឯកឧត្តម វេង សាខុន អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឧបដ្ឋានសាលា ក្នុងវត្តពោធិព្រឹក្ស ហៅវត្តគោកស្រុក


ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃ១៩ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តពោធិព្រឹក្សហៅវត្តគោកស្រុក និងមានការអញ្ជើញចូលរួមដោយសមាជិក សមាជិកាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ និងប្រជាពលរដ្ឋសរុបជាង ៤០០នាក់។

សមិទ្ធផលនានាដែលដាក់សម្ពោធឱ្យប្រើប្រាស់នាឱកាសនេះរួមមាន៖
១-ឧបដ្ឋានសាលាទំហំ ២៤មx៣៧ម កម្ពស់២៣ម៉ែត្រ ចំណាយថវិកាចំនួន ២៥៥,០០០ដុល្លារ
២-របងវត្តប្រវែង ៣៣០ម៉ែត្រ ចំណាយថវិកាចំនួន ៨០លានរៀល
៣-ផ្លូវបេតុងប្រវែង ១៤៥ម៉ែត្រ ចំណាយថវិកាចំនួន ៤០លានរៀល
៤-សួនច្បារ បង្គោលភ្លើង ជួសជុលកុដិចំណាយថវិកាចំនួន ១៩លានរៀល
៥-បន្ទប់អនាម័យចំនួន ៤បន្ទប់ ចំណាយថវិកាចំនួន ៧,៥លានរៀល
៦-រៀបការ៉ូឡាទំហំ ៦១២ម៉ែត្រការ៉េ ចំណាយថវិកាចំនួន ១៨,៣៨៥,០០០រៀល
៧-ខ្លោងទ្វារ ៤ម៉ែត្រx៥ម៉ែត្រ ចំណាយថវិកាចំនួន ២៨លានរៀល
៨-កសាងផ្លូវជុំវិញវត្ត ៤៥០ម៉ែត្រ ចំណាយថវិកាចំនួន ១៥,៧៥០,០០០រៀល
៩-ចាក់ដីក្នុងបរិវេណវត្តចំនួន ២ពាន់ឡាន ចំណាយថវិកាចំនួន ៥០លានរៀល
សរុបថវិកាចំណាយទាំងអស់ចំនួន ៣១៩,៦៥៨ដុល្លារ។

ឆ្លៀតឱកាសនៃពិធីបុណ្យឆ្លងនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានចូលរួមអបអរសាទរដល់ព្រះសង្ឃ និងប្រជាពលរដ្ឋនៅស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីមួយទៀតក្នុងផ្នែកពុទ្ធចក្រ។ មានមតិសំណេះសំណាល ទៅកាន់ព្រះសង្ឃ និងពុទ្ធបរិស័ទ ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរពី ជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ ក៏បានលើកឡើងពីគុណសម្បត្តិនៃសន្តិភាព និងស្ថិរភាពសង្គម ដែលនាំឱ្យប្រទេសកម្ពុជាមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ រួមទាំងវិស័យសាសនាផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ជាពិសេសនៅក្នុងដំណាក់កាលរីករាលដាលនៃជម្ងឺកូវីត១៩។ លើសពីនេះរាជរដ្ឋាភិបាលបានផ្តល់ការគាំទ្ររបបសន្តិសុខសង្គមជូនដល់បុគ្គលិក សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្តល់ការការពារសិទ្ធិក្នុងការងារតាមរយៈមេធាវីសម្តេចតេជោ។

ក្រៅពីនេះរាជរដ្ឋាភិបាលក៏កំពុងគិតគូរពង្រីកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ថែមទៀតដូចជាផ្លូវល្បឿនលឿន រថភ្លើងល្បឿនលឿន កំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះអន្តរជាតិខ្នាតធំ ដើម្បីពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យមានភាពធន់ និងធានាបាននូវចីរភាព។

បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏កំពុងជំរុញការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលជួយសម្រួល និងពន្លឿនដល់ការអភិវឌ្ឍន៍ ជាពិសេសប្រជាជនគ្រប់ទីកន្លែងងាយស្រួលទំនាក់ទំនង និងទទួលព័ត៌មានឆាប់រហ័ស។

ជាមួយនឹងការដាក់សម្ពោធឧបដ្ឋានសាលានេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បាននាំយកថវិការបស់ឯកឧត្តម និងលោកជំទាវ ព្រមទាំងសប្បុរសជន ជាង ៤០លានរៀល ប្រគេនដល់ព្រះសង្ឃ ព្រះចៅអធិការវត្តគោកស្រុកសម្រាប់ការទូទាត់សងជំពាក់កសាងវត្តកន្លងមក។ ដោយឡែកចំពោះ ប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់ ម្នាក់ៗទទួលបានថវិកាចំនួន ២ម៉ឺនរៀលផងដែរ ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top