ភ្នំពេញ៖ ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមិនា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំក្រុមការងារ «ក្រុមក្រឡាហោមមនុស្សធម៌» នាំយកអំណោយ សម្ដេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនពលរដ្ឋមានបញ្ហាខ្វះខាតក្នុងជីវភាពចំនួន ១១៣គ្រួសារ។
តំណាងក្រុមគ្រួសារប្រជាពលរដ្ឋទាំង ១១៣គ្រួសារ ដែលបានមកទទួលអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ពីក្រុមការងារក្រឡាហោមមនុស្សធម៌ នាឱកាសនោះ អញ្ជើញមកពីភូមិទាំង ១៥ នៃឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន ១ការ៉ុង មីចំនួន១កេស ត្រីខចំនួន១យួរ ទឹកស៊ីអ៊ីវ និងទឹកត្រីចំនួន១យួរ ទឹកសុទ្ធចំនួន២កេស ស្កស និងអំបិលមួយចំនួនទៀត។
នាឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេរ បានជម្រាបជូនប្រជាពលរដ្ឋនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ព្រមទាំងបានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងមូល ដែលតែងតែបានគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសការចូលរួមគ្រប់សកម្មភាពដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ៕
