Computer man Computer man
ព័ត៏មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការ ស្នើជប៉ុនបន្តជួយអភិវឌ្ឍ និងកសាងសមត្ថភាពធនធានមនុស្សនៅកម្ពុជាបន្ថែមទៀត


ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងស្នើឱ្យជប៉ុនបន្តជួយអភិវឌ្ឍ និងកសាងសមត្ថភាពធនធានមនុស្ស តាមរយៈការផ្ដល់សាស្ត្រាចារ្យ វគ្គបណ្តុះបណ្តាលខ្លីៗ ដោយផ្ទាល់ ឬតាមប្រព័ន្ធ online ក៏ដូចជាពិនិត្យលទ្ធភាពជួយជ្រោមជ្រែងដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជាឱ្យមានជំនាញច្បាស់លាស់។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានស្នើយ៉ាងដូចនេះ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ នាឱកាសអនុញ្ញាតឱ្យលោក Atsushi Ueno ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមអមដំណើរពីមន្ត្រីស្ថានទូត ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

ជាកិច្ចចាប់ផ្តើមនាជំនួបនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានស្វាគមន៍យាងកក់ក្តៅនិងអបអរសាទរចំពោះលោក Atsushi Ueno ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជា និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលកន្លងមកបានពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

លោក Atsushi Ueno បានកោតសរសើរដល់ថ្នាក់ដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍ និងធ្វើប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានបង្ហាញចំណាប់អារម្មណ៍លើការស្វែងយល់អំពីបច្ចុប្បន្នភាពនៃគម្រោងសាងសង់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជាផងដែរ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនអំពីការបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោយមានគម្រោងអភិវឌ្ឍន៍អាទិភាពសំខាន់ៗដែល សម្រេចបាន និងកំពុងអនុវត្តបន្តក្នុងនោះរួមមាន៖ គម្រោងសាងសង់ផែកុងតឺន័រថ្មីដំណាក់កាលទី១ របស់កំពង់ផែស្វ័យតក្រុងព្រះសីហនុ ការសិក្សាគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី២ និងជំហានទី៣ ដែលកំពង់ផែនេះជាច្រកសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ការនាំទំនិញចេញ-ចូល គម្រោងកែលម្អប្រព័ន្ធភស្តុភារកម្មកម្ពុជា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ និងគម្រោងផ្សេងៗជាច្រើនទៀត។

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានា ដែលក្រសួងសម្រេចបាននិងកំពុងធ្វើការអភិវឌ្ឍ ដូចជាផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលបានដាក់ដំណើរការកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ២០២៣ គម្រោងសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប និងការសិក្សា សមិទ្ធិលទ្ធភាពគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត គម្រោងសិក្សាសមិទ្ធិលទ្ធភាពដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់ទៅកាន់កំពង់ផែឆ្នេរសមុទ្រខេត្តកែប ជាពិសេសលើវិស័យដឹកជញ្ជូនសាធារណៈក្នុងទីក្រុង ដែលគម្រោងទាំងនោះ ក្រសួងធ្លាប់បានសិក្សាសមិទ្ធិលទ្ធភាពពីមុនរួចមកហើយរួមមាន៖ ការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដែលបន្តទាមទារនូវកិច្ចសហការ និងការវិនិយោគពីវិស័យឯកជន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានស្នើឱ្យជប៉ុនជួយបន្តអភិវឌ្ឃ កសាងសមត្ថភាពធនធានមនុស្ស តាមរយៈការផ្ដល់សាស្ត្រាចារ្យ វគ្គបណ្តុះបណ្តាលខ្លីៗ ដោយផ្ទាល់ ឬតាមប្រព័ន្ធ online ក៏ដូចជាពិនិត្យលទ្ធភាពជួយជ្រោមជ្រែងដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជាឱ្យមានជំនាញច្បាស់លាស់។ ហើយថ្មីៗនេះដែរ ជប៉ុនទើបនឹងបានផ្តល់ជាគ្រឿងចក្រ Stabilizer មកកាន់ក្រសួង ដើម្បីបម្រើការងារក្នុងវិស័យផ្លូវថ្នល់ លើសពីនេះជប៉ុនក៏បានផ្តល់ជំនួយចំពោះការសិក្សាគម្រោងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងផែនការយុទ្ធសាស្រ្តភាពជាដៃគូគ្រប់ជ្រុងជ្រោយផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាមានបីតិសោមនស្សនិងអំណរគុណជាខ្លាំង ចំពោះរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនជប៉ុន ដែលជាកល្យាណមិត្ត តែងជួយដល់កម្ពុជា ព្រមទាំងជាដៃគូអភិវឌ្ឍន៍ចាប់តាំងពីដើមរៀងមក ហើយឆ្នាំ២០២៣នេះ ដែរត្រូវជាខួប៧០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការទូតរវាងកម្ពុជា-ជប៉ុន ហើយរាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈយ៉ាងមុតមាំថា ចំណងមិត្តភាពការទូត និងកិច្ចសហប្រត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែរឹងមាំ ប្រសើរឡើង ហើយសង្ឃឹមថា បេសកកម្មការទូតរបស់លោក Atsushi Ueno ក្នុងអាណត្តិនេះ នឹងពោរពេញដោយភាពជោគជ័យ ផ្តល់នូវលទ្ធផលគាប់ប្រសើរបន្តទៅមុខទៀតផងដែរ៕


Click to comment

Leave a Reply

Your email address will not be published.

Most Popular

To Top