ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន តំណារាស្រ្តមណ្តលខេត្តកណ្តាល និងជាសមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយជូនប្រជាពលរដ្ឋចំនួន ១០៥គ្រួសារ សម្រាប់ខែបួសរ៉ាម៉ាឌន ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងស្រុក តំណាងគណៈអភិបាលស្រុកពញាឮ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា លោកមេឃុំ គណៈអុីមាំស្រុក ហាកឹម តួន និងអាជ្ញាធរមូលដ្ឋាន។
ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ អុំ ពូ មីង បងប្អូនប្រជាពលរដ្ឋពីចំងាយផងដែរ។
ឯកឧត្តមវេជ្ជបណ្ឌិត បានលើកឡើងថា ដូចរាល់ឆ្នាំដែរ ឆ្នាំនេះខែរ៉ាម៉ាឌនរបស់សាសនាឥស្លាម នឹងខិតចូលមកដល់ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ រ៉ាម៉ាឌនគឺជាខែទីប្រាំបួននៃប្រតិទិនឥស្លាមដែលមនុស្សជាច្រើនយល់ថា ជនមុស្លិមគ្រាន់តែតមអាហារប៉ុណ្ណោះក្នុងខែនេះប៉ុន្តែតាមពិតការតមអាហារគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ រ៉ាម៉ាឌន គឺជាខែនៃសេចក្ដីសុខ សន្តិភាព ជាខែនៃសេចក្ដីស្ងប់ ជាខែនៃសេចក្ដីល្អ ជាខែនៃសេចក្ដីអត់ទោស ជាខែនៃសេចក្ដីមេត្តាករុណា ជាខែដែលគម្ពីរអាល់គួរអានដ៏ពិសិដ្ឋ ត្រូវបានបញ្ចុះសម្រាប់ជនមុស្លិម វាជាខែនៃសេចក្តីសប្បុរស និងបរិច្ចាគទាន ជាខែនៃការអបអរក្នុងនាមជាជនមុស្លិម ដែលប្រតិបត្តិនូវការអត់ធ្មត់ យើងធ្វើនូវអ្វីដែលអល់ឡោះជាម្ចាស់បានប្បញ្ញត្តិ។
ឯកឧត្តមវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែរួមសុខរួមទុក្ខ ជាមួយបងប្អូន មិនថាបងប្អូនស្ថិតនៅក្នុងកាលៈទេសៈបែបណាឡើយ រាជរដ្ឋាភិបាលមិនទុកបងប្អូនចោលនោះទេ ហើយសូម អុំ ពូ មីង បងប្អូនត្រូវតែរួមគ្នាថែរក្សាសន្តិភាព ពីព្រោះមានសន្តិភាពទើបមានការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តមវេជ្ជបណ្ឌិត បានគូសបញ្ជាក់ដែរថា «យើងរួមសុខរួមទុក្ខជាមួយគ្នា ហើយរាជរដ្ឋាភិបាលតែងតែគិតគូរដោះស្រាយរាល់កង្វល់របស់សហគមន៍ដោយមិនប្រកាន់ពូជសាសន៍ឡើយ»។
សូមជម្រាបជូនដែរថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋជាអំណោយរបស់អង្គការ Hasene ផ្តល់តាមរយៈសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១៤គីឡូក្រាម, មី ១០កញ្ចប់, ស្ករស ០១គីឡូក្រា, ទឹកដោះគោ ២កំប៉ុង និងមីឡូ ១ដប ផងដែរ ៕
