ភ្នំពេញ៖ កិច្ចប្រជុំគណ:កម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-ថៃ រវាងយោធភូមិភាគទី៤(កម្ពុជា) និងភូមិភាគទី២(ថៃ) លើក២៤ ប្រចាំឆ្នាំ២០២៣ បានប្រារព្ធឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសេនថារ៉ា ខេត្តនគររាជសីមា ព្រះរាជាណាចក្រថៃ ។
គណ:កម្មាធិការព្រំដែន ខាងភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ។
គណ:កម្មាធិការព្រំដែនខាងភាគីថៃដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ សវ:រ៉ាតសែនផុន មេបញ្ជាការភូមិភាគទី២ នៃកងទ័ពភូមិន្ទថៃ។
មេបញ្ជាការយោធភូមិភាគទី៤ សហប្រធានភាគីកម្ពុជា បានថ្លែងមតិស្វាគមន៍ និងសម្ដែងភាពរីករាយ ក្នុងឱកាសដែលភាគីថៃ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ជាមួយភាគីកម្ពុជានាពេលនេះ ព្រមទាំងបានលើកឡើងពីគោបំណងនៃកិច្ចប្រជុំដើម្បីលើកស្ទួយ និងរិតចំណងទំនាក់ទំនងមិត្តភាពដ៏ល្អរវាងកម្ពុជា-ថៃ អោយមានភាពរឹងមាំ ក្នុងបំណងពង្រឹងពង្រីក សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងការអភិវឌ្ឍន៍ជូនដល់ប្រជាជននៃប្រទេសទាំងពីរដែរស់តាមបណ្ដោយខ្សែរបន្ទាត់ព្រំដែន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង បានថ្លែងការកោតសរសើរ ដល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ដែលសមត្ថកិច្ចនៃប្រទេសទាំងពីរ បានផ្ដល់ផលល្អ ចំពោះការអភិវឌ្ឍន៏ ស្ថិរភាព សន្តិភាព របៀបរៀបរយតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ព្រមទាំងបានសំណូមពរអោយភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់តាមបណ្ដោយខ្សែរបន្ទាត់ព្រំដែនអោយកាន់តែមានភាពល្អប្រសើរ ។
ក្នុងនោះផងដែរ មេបញ្ជាការភូមិភាគទី៤ សហប្រធានខាងភាគីកម្ពុជា បានថ្លែងមតិស្វាគមន៍ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៏របស់ភាគីថៃ និងសម្ដែងនូវក្ដីសោមនស្សក្រៃលែង ក្នុងឱកាសដែលបានមកចូលរួមកិច្ចប្រជុំជាមួយភាគីថៃ ហើយអបអរសាទរចំពោះភាពជឿនលឿនលើកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី ក្នុងការដោះស្រាយបញ្ហាការងារសន្តិសុខនៅក្នុងតំបន់ព្រំដែន ដើម្បីលើកស្ទួយដល់ការទំនាក់ទំនងល្អជាមួយគ្នា និងអបអរសាទរចំពោះ កិច្ចសហប្រតិបត្តិការក្នុងការជួយគ្នាទៅវិញទៅមក។
ភាគីទាំងពីរបានសន្យាបន្តជម្រុញ និងគាំទ្រកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យអោយកាន់តែមានភាពល្អប្រសើ។
ក្នុងឱកាសដ៏ថ្លៃថ្លា ភាគីទាំងសងខាង បានឯកភាពគ្នារៀបចំឱ្យមានកិច្ចប្រជុំ គណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ រវាងយោធភូមិភាគទី៤ (កម្ពុជា) និងភូមិភាគទី២ (ថៃ) លើកទី២៥ ប្រចាំឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា។
ភាគីទាំងពីរបានឯកភាពចុះហត្ថលេខារួមគ្នាលើកំណត់ហេតុកិច្ចប្រជុំសហប្រតិបត្តិការ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ លើកទី២៤ រវាងយោធភូមិភាគទី៤ (កម្ពុជា) និងភូមិភាគទី២ (ថៃ) ប្រចាំឆ្នាំ២០២៤ ហើយបានប្រគល់ជូនវត្ថុអនុស្សាវរីយ៍អោយគ្នាទៅវិញទៅមកផងដែរ ៕
