រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងពីការធ្វើដំណើរ ដោយឥតបង់ថ្លៃតាមរថយន្តក្រុង (City Bus) ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ សម្ដេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចក្នុងការជួយសម្រួល បន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្តី សប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
រថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) ចំនួន១៥គ្រឿង នឹងត្រូវផ្ដល់សម្រាប់បម្រើសេវាដឹកជញ្ជូនបងប្អូនពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅកាន់រាជធានីភ្នំពេញ រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់។ ចំពោះទីតាំង និងកាលបរិច្ឆេទត្រូវរៀបចំ ដូចខាងក្រោម៖
១- ការធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប ទីតាំងចំណតរថយន្ត រង្វង់មូល ទេពមច្ឆា” ស្ពានជ្រោយចង្វារ ចេញដំណើររៀងរាល់ម៉ោង០៥៖៣០នាទីព្រឹក (ចេញជាបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។
២-ការធ្វើដំណើរពីខេត្តសៀមរាប ទៅកាន់រាជធានីភ្នំពេញ ៖ ទីតាំងចំណតរថយន្ត “គ្រឹះស្ថានអង្គរ” ជិតរង្វង់មូលវិថីសម្ដេចវិបុលបញ្ញា សុខ អាន (រង្វង់មូលផ្លូវ៦០ម៉ែត្រ) ចេញដំណើររៀងរាល់ម៉ោង១៣៖០០នាទី (ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ និងវេលាម៉ោង ០៦ ៖ ០០ នាទី ព្រឹក (ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត) សម្រាប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ៕