អេហ្ស៊ីបចាប់ផ្តើមកម្មវិធីសាកល្បងដើម្បីបង្រៀនភាសាចិននៅសាលាមធ្យមសិក្សា
ក្រុងគែរ៖ពិធីមួយត្រូវបានធ្វើឡើងនៅវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យគែរ កាលពីថ្ងៃអាទិត្យ ដើម្បីបើកកម្មវិធីសាកល្បងសម្រាប់ការបង្រៀនភាសាចិននៅសាលាមធ្យមសិក្សាអេហ្ស៊ីប និងកម្មវិធីបណ្តុះបណ្តាលសម្រាប់គ្រូជនជាតិអេហ្ស៊ីប។
លោក Zhang Tao ឯកអគ្គរាជទូតនៃស្ថានទូតចិនប្រចាំប្រទេសអេហ្ស៊ីប បានមានប្រសាសន៍នៅក្នុងសារជាវីដេអូថា សាលាមធ្យមសិក្សាសាធារណៈចំនួន ១២ នៅក្នុងប្រទេសអេហ្ស៊ីប នឹងត្រូវបានបញ្ចូលក្នុងកម្មវិធីសាកល្បង ដែលនឹងសម្គាល់ចំណុចចាប់ផ្តើមថ្មីសម្រាប់ការបណ្តុះបណ្តាលភាសាចិននៅសាលាមធ្យមសិក្សាអេហ្ស៊ីប។
នៅក្នុងខែកញ្ញា ឆ្នាំ ២០២០ ប្រទេសចិន និងអេហ្ស៊ីបបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបង្រៀនភាសាចិនជាភាសាបរទេសទីពីរជាជម្រើសនៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យអេហ្ស៊ីប នេះបើយោងតាមលោក Zhang បានបញ្ជាក់ ។
លោកបានបន្ថែមថា ប្រទេសចិន និងអេហ្ស៊ីបបានរីកចម្រើនយ៉ាងខ្លាំងនៅក្នុងកិច្ចសហប្រតិបត្តិការអន្តរសាលារៀន ការអប់រំវិជ្ជាជីវៈ ការបណ្តុះបណ្តាលរួមគ្នានៃទេពកោសល្យ និងកិច្ចសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រ។
លោក Mohamed Megahed អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងអប់រំបច្ចេកទេសរបស់ប្រទេសអេហ្ស៊ីបបានអោយដឹងថា ប្រទេសអេហ្ស៊ីប និងប្រទេសចិនបានពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងវិស័យអប់រំក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
លោកបានមានប្រសាសន៍ថា ដោយសារកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ កម្មវិធីសាកល្បងត្រូវបានចាប់ផ្តើមមួយឆ្នាំមុនការគ្រោងទុក ដោយលោកបានបន្ថែមថាលោកសង្ឃឹមថាកម្មវិធីនេះនឹងជួយប្រជាជនអេហ្ស៊ីបឱ្យស្គាល់កាន់តែច្រើនអំពីប្រទេសចិន។
កម្មវិធីបណ្តុះបណ្តាលសម្រាប់គ្រូបង្រៀននឹងមានរយៈពេល ១០ ថ្ងៃ និងផ្តល់វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តបង្រៀន ការរៀនភាសា និងការប្រើប្រាស់សៀវភៅសិក្សា និងកម្មវិធីអេឡិចត្រូនិច។ គ្រូសរុបចំនួន ១២ នាក់នឹងចូលកាន់តំណែងជាគ្រូបង្រៀនភាសាចិនបន្ទាប់ពីការបណ្តុះបណ្តាល។