ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម Vahit Kirisci រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើនៃសាធារណរដ្ឋតួកគី
ភ្នំពេញ៖ ឆ្លៀតឱកាសក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មប្រទេស G20 នៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២, ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបប្រជុំទ្វេរភាគីជាមួយឯកឧត្តម Vahit Kirisci រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើនៃសាធារណរដ្ឋតួកគី។
ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នាយ៉ាងយកចិត្ត និងបានកំណត់នៅក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងប្រទេសទាំង២ ដោយជុំរុញអោយក្រុមប្រឹក្សាកសិកម្មនៃប្រទេសទាំង២ រៀបចំកិច្ចប្រជុំលើកទី១ នៅក្នុងខែតុលា ឆ្នាំ២០២២ ដើម្បីកំណត់នូវអនុវិស័យអាទិភាពសំខាន់ៗសម្រាប់ពង្រីកការធ្វើកិច្ចសហការរវាងប្រទេសទាំង២។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញអោយមានការផ្លាស់ប្តូរ និងចែករំលែកបច្ចេកទេសវិទ្យាសាស្ត្រ និងបទពិសោធន៍តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សាររវាង អ្នកគោលនយោបាយ អ្នកបច្ចេកទេស អ្នកស្រាវជ្រាវ និងជាពិសេសអ្នកវិនិយោគ វិស័យឯកជន ដើម្បីជំរុញការធ្វើពាណិជ្ជកម្មកសិកម្ម និងការធ្វើធុរកិច្ចនៃប្រទេសទាំង២។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើសមភាគីតួកគី ជួយផ្តល់អាហាររូបករណ៍ និងផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់កម្ពុជា។
ឯកឧត្តម Vahit Kirisci រដ្ឋមន្ត្រីកសិកម្មតួកគី សម្តែងនូវក្តីសោមនស្សរីករាយ និងទទួលយកនូវសំណើររបស់ឯកឧត្តមរដ្ឋមន្ត្រី និងជុំរុញអោយក្រុមប្រឹក្សាកសិកម្មនៃក្រសួងកសិកម្មនៃប្រទេសទាំង២ ពិភាក្សារ និងកំនត់នូវវិស័យសំខាន់ៗបន្ថែមទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការកសិកម្មរវាងប្រទេសទាំង២ កាន់តែរឹងមាំ និងផ្តល់ផលប្រយោជន៍ដល់ប្រជាកសិក និងប្រជាជននៃប្រទេសទាំង២ ៕