Erdogan និង Zelensky ពិភាក្សាអំពីវិបត្តិអ៊ុយក្រែនតាមទូរស័ព្ទ
អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃពុធ បានពិភាក្សាគ្នាអំពីការវិវត្តថ្មីៗនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន តាមទូរស័ព្ទ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ប្រធានាធិបតីទួរគី លោក Erdogan បានប្រសាសន៍ថា លោករីករាយដែលការផ្លាស់ប្តូរអ្នកទោសរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានអនុវត្តដោយជោគជ័យ បន្ទាប់ពីការរៀបចំអស់រយៈពេលជាយូរ។
រុស្ស៊ី និងអ៊ុយក្រែន បានផ្លាស់ប្តូរអ្នកទោសសង្គ្រាម ២០០ នាក់ ក្រោមការសម្រុះសម្រួលរបស់ Türkiye កាលពីសប្តាហ៍មុន។
អំពីដំណើរការជោគជ័យនៃកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនតាមរយៈសមុទ្រខ្មៅ លោក Erdogan បានអោយដឹងថា វិធីសាស្រ្តស្រដៀងគ្នានេះអាចត្រូវបានយកទៅទាក់ទងនឹងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ។
លោក Erdogan បានរំលឹកឡើងវិញនូវការផ្តល់ជូនរបស់ Türkiye ដើម្បីដើរតួជាអ្នកសម្រុះសម្រួល និងអ្នកសម្របសម្រួលក្នុងការបង្កើតតំបន់គ្មានយោធាជុំវិញរោងចក្រថាមពល នេះបើយោងតាមសេចក្តីថ្លែងការណ៍។
Zaporizhzhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតមួយរបស់អឺរ៉ុបត្រូវបានគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ីតាំងពីដើមខែមីនា ខណៈដែលបុគ្គលិកអ៊ុយក្រែនបន្តប្រតិបត្តិការវា។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីតាំងនៃរោងចក្រនេះត្រូវបានវាយប្រហារដោយការបាញ់ផ្លោង ដែលបង្កឱ្យមានការព្រួយបារម្ភជាអន្តរជាតិអំពីសុវត្ថិភាពរបស់វា។