ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី១១ ខែតុលា
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ បានចេញ សេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបានឲ្យដឹង ថា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយ កាត់លើ កម្ពុជាជាមួយនិងខ្យល់មូសុងនិរតីខ្សោយ។ ទន្ទឹមនោះការជួបប្រសព្វគ្នារវាងទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន (ភាគខាងជើង) និងសម្ពាធទាបដែលរុញពីក្រោម ក៏មានឥទ្ធិពលលើកម្ពុជាផងដែរ ។
ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ ភ្លៀងនៅតែបន្តធ្លាក់ជាប់ជាបន្តបន្ទាប់ នៅលើផ្ទៃប្រទេស ដោយក្នុងនោះ៖
១-តំបន់ទំនាបកណ្តាលសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C និងអាចមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ផ្នែកខ្លះនៃបណ្តាខេត្តនៅភាគពាយ័ព្យ និងភាគខាងជើងជាប់ប្រទេសវៀតណាម ភ្លៀងអាចធ្លាក់ច្រើន ដោយអន្លើ។
២-តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C និងអាចមានភ្លៀងក្នុងកំរិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣-តំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C និងអាចមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ជាមួយគ្នានោះក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាជពលរដ្ឋ បន្តប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕