ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍប្រទេសមួយ ប្រកបដោយភាពរឹងមាំ ត្រូវការជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម ពីវិស័យឯកជន ជាមួយនឹងការគាំទ្រលើកទឹកចិត្ត ពីរាជរដ្ឋាភិបាល
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងបរិការណ៍នេះ ការអភិវឌ្ឍប្រទេសមួយប្រកបដោយភាពរឹងមាំ ត្រូវការជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងរស់រវើកពីវិស័យឯកជន ជាមួយនឹងការគាំទ្រ និងការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល ។
ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការបើកដំណើរការរោងចក្រនាពេលនេះ ក៏បានបង្ហាញឱ្យឃើញអំពីសក្តានុពល នៃវិស័យវិនិយោគនៅកម្ពុជា ជាពិសេសការគាំទ្រដល់ការ បោះជំហានទៅមុខនៃ ចក្ខុវិស័យក្នុងការជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពី “ឧស្សាហកម្មអតិពលកម្ម” ឈានទៅជា “ឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យា” ដូចមានកំណត់នៅក្នុងគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល ។
ឯកឧត្ដមថ្លែងថា «ក្នុងបរិការណ៍នេះ ការអភិវឌ្ឍប្រទេសមួយប្រកបដោយភាពរឹងមាំ ត្រូវការជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងរស់រវើកពីវិស័យឯកជន ជាមួយនឹងការគាំទ្រ និងការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច-វិនិយោគ ដើម្បីធ្វើឱ្យវិស័យឯកជនអាចអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងដើរតួនាទីជាឆ្អឹងខ្នងនៃខឿនសេដ្ឋកិច្ចជាតិ ហើយអាចចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតការងារ និងការពង្រឹងភាពប្រកួតប្រជែង និងដោយប្រយោលតាមរយៈការបង្កើនចំណូលពន្ធ និងការបង្កើនការវិនិយោគ» ៕