បណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការលើកស្ទួយ វិស័យឯកជនក្នុងស្រុក ពិសេសការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាអាទិភាពនៃគោលនយោបាយសេដ្ឋកិច្ច
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ក្នុងដំណើរឆ្ពោះទៅរកការងើបឡើងវិញប្រកបដោយភាពរឹងមាំ និងការវិលត្រលប់ទៅរកមាគ៌ាកំណើនប្រកបដោយចីរភាព, រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការលើកស្ទួយវិស័យឯកជនក្នុងស្រុក ជាពិសេសការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាអាទិភាពនៃគោលនយោបាយសេដ្ឋកិច្ច ។
ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ពិតណាស់ ក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមកនេះ, សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកខ្លាំងលើការវិនិយោគផ្ទាល់ពីបរទេស និងការនាំចេញ ប៉ុន្តែវិបត្តិនៃជំងឺកូវីដ-១៩ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ ក្នុងការពង្រឹង និងពង្រីកសេដ្ឋកិច្ចក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែក និងការងាយទទួលរងនូវឥទ្ធិពលពីខាងក្រៅប្រទេស។
ឯកឧត្ដមបណ្ឌិតបន្ថែមថា ដើម្បីសម្រេចគោលដៅនេះ, រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់ ដូចជាការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ, ការសម្រួលដល់ការចុះបញ្ជីអាជីវកម្ម និងការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីផ្តល់ហិរញ្ញប្បទាន ជាមួយនឹងអត្រាការប្រាក់ប្រកបដោយភាពប្រកួតប្រជែង ៕