មានយានយន្ត ១១៣គ្រឿងថ្មីទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ
ភ្នំពេញ៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ១១៣គ្រឿងថ្មីទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ៤៩គ្រឿង និងរថយន្ត ៦៤គ្រឿង។
យោងតាមសំដីឯកឧត្តមអ្នកនាំពាក្យអគ្គស្នងការ, គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៣១,៣៧៤គ្រឿង ក្នុងនោះមានម៉ូតូ ១០៥,៤១៤គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៦,៩៦១គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ល្មើសសញ្ញា ទូរស័ព្ទ និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសសញ្ញា អត់ប័ណ្ណបើកបរ ឆៀក ខ្សែក្រវ៉ាត់ អាជីវកម្ម ល្មើសល្បឿន ឆៀក និងអត់ស្លាកលេខជាដើម។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៩លើក ក្នុងនោះស្លាប់ចំនួន ០៤នាក់ របួសចំនួន ០៩នាក់ [របួសធ្ងន់ ០៧នាក់]។ រយៈពេល២៩៦ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២/៤៤៤លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,៤២៦នាក់ របួស ៣,៣៨៦នាក់ [របួសធ្ងន់ ២,១៤០នាក់]៕