ប្រធានក្រុមចរចាកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បិទបញ្ចប់ការចរចាជុំទី១ នៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ នៅអាប៊ុយដាប៊ី
ភ្នំពេញ៖ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា និងឯកឧត្តម ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានជួបពិភាក្សាទ្វេភាគី ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការចរចា និងបិទបញ្ចប់ការចរចាជុំទី១ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម។
ក្នុងជំនួបនេះ លោកជំទាវប្រធានក្រុមចរចាកម្ពុជា បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះភាគីអេមីរ៉ាតអារ៉ាប់រួម ដែលបានទទួលរៀបចំការចរចាជុំទី១ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement – CAM-UAE CEPA) និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនដល់គណៈប្រតិភូកម្ពុជា ដែលជាក្រុមការងារចរចា។
លោកជំទាវ បានគូសបញ្ជាក់ថា CAM-UAE CEPA នឹងចូលរួមពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការបង្កើនបរិយាកាសសេរីភាវូបនីយកម្មផ្នែកពាណិជ្ជកម្ម និងវិនិយោគ។ កិច្ចព្រមព្រៀងនេះ នឹងពង្រឹងទំនាក់ទំនងទ្វេភាគីរបស់យើងតាមរយៈការបើកច្រកទីផ្សារឱ្យកាន់តែទូលាយ និងបង្កើនឱកាសវិនិយោគទ្វេភាគីសម្រាប់ផលប្រយោជន៍ទៅវិញទៅមក និងធ្វើឱ្យស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត។
ទន្ទឹមនោះ ប្រធានក្រុមចរចាទាំងពីរ ក៏បានគូសបញ្ជាក់ពីលទ្ធផលវិជ្ជមានគួរជាទីសោមនស្ស នៃការចរចាជុំទី១ នៃ CAM-UAE CEPA ដោយក្នុងនោះឯកឧត្តមប្រធានក្រុមចរចាអេមីរ៉ាតអារ៉ាប់រួម បានធ្វើការកោតសរសើរពីភាពហ្មត់ចត់នៃក្រុមការងារភាគីទាំងពីរ ដែលញ៉ាំងឱ្យដំណើរការចរចាទាំងមូល ប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធិស្នាល និងយោគយល់ ប្រកបដោយប្រសិទ្ធភាព។
ស្ថិតក្នុងឱកាសនោះ ប្រធានក្រុមចរចាទាំងពីរ ក៏បានចុះហត្ថលេខាលើកំណត់ហេតុរួម ដែលជាលទ្ធផលនៃការចរចាជុំទី១ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ៕