ឯកឧត្តម កើត រិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ របស់ អ.អ.ផ.
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការ សកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) នៅរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី៦ របស់ អ.អ.ផ.។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងជាសមាជិកនៃ អ.អ.ផ. ដែលសុទ្ធសឹងជាឥស្សរជនជាន់ខ្ពស់មកពីក្រសួង-ស្ថាប័ននានាពាក់ព័ន្ធនឹង ការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ។
នៅក្នុងកិច្ចប្រជុំអង្គប្រជុំបានធ្វើការវាយតម្លៃសភាពការណ៍រួមនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក្រោយមហាសន្និបាទរបស់ក្រុមការងារ ហិរញ្ញវត្ថុ (Financial Action Task Force-FATF) បានសម្រេចឱ្យមានការចុះធ្វើ On-site Visit នៅកម្ពុជា បន្ទាប់ពីកម្ពុជាបានអនុវត្តពេញលេញនូវសកម្មភាពដែល FATF បានកំណត់។ ទន្ទឹមនេះ, អង្គប្រជុំក៏បានសម្រួច ទិសដៅការងារបន្តដើម្បីត្រៀមលក្ខណៈសម្រាប់ការចុះ On-site Visit នៅកម្ពុជា នាពេលខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធាន អ.អ.ផ. បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់អំពីលទ្ធផលនៃ ការអនុវត្តការងាររបស់ក្រសួង-ស្ថាប័ន ក៏ដូចជា ក្រុមការងារ និងយន្តការដែលពាក់ព័ន្ធទាំងអស់ រហូតកម្ពុជាទទួលបាននូវលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ដូចពេលនេះ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យក្រសួង-ស្ថាប័ន ក៏ដូចជា ក្រុមការងារ និងយន្តការដែលពាក់ព័ន្ធ ទាំងអស់ ជាពិសេស ក្រុមការងារស្នូល ត្រូវបន្តយកចិត្តទុកដាក់បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធានាឱ្យបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា៕